Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុគ្គលិក ជីប ម៉ុង ៦០នាក់ ដាំដើមកោងកាងទឹកសាប ៣០០០ដើម

17-09-2018 11:15

(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ៦០នាក់ រួមគ្នាដាំដើមកោងកាងទឹកសាប ក្នុងសហគមន៍អេកូទេសចរណ៍ បឹងឈូក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់បរិស្ថាន និងការរស់នៅឲ្យកាន់តែប្រសើរ។

នាយកទំនាក់ទំនងក្រុមហ៊ុន ជីប ម៉ុង បណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា «ការនាំបុគ្គលិកមកស្នាក់នៅ និងដាំដើមឈើក្នុងសហគមន៍បឹងឈូកនេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់បរិស្ថាន និងវិស័យទេសចរណ៍របស់ប្រទេសយើងផងដែរ។ ក្រុមហ៊ុន ជីប ម៉ុង ជឿថា ការចូលរួមដាំដើមឈើក្នុងសហគមន៍ គឺផ្ដល់ផលប្រយោជន៍ឲ្យយើងទាំងអស់គ្នា ដូចពាក្យស្លោកនៃយុទ្ធនាការណ៍នេះ ជីប ម៉ុង ដើម្បីទាំងអស់គ្នា»

បុគ្គលិកក្រុមហ៊ុន ជីប ម៉ុង ម្នាក់ថ្លែងថា ក្រៅពីបានចូលរួមជួយសហគមន៍ ពួកគាត់បានស្គាល់បុគ្គលិកដទៃទៀត ដែលបម្រើការតាមក្រុមហ៊ុនបុត្រសម្ព័ន្ធនានារបស់ក្រុមហ៊ុន ជីប ម៉ុង បានកាន់តែច្រើន។

នេះជាលើកទីបីហើយ ដែលក្រុមហ៊ុន ជីប ម៉ុង នាំបុគ្គលិកខ្លួនមកដាំដើមឈើ។ ការដាំដើមឈើលើកទីមួយ គឺចំនួន១០០០ដើមនៅសហគមន៍ការពារធនធានធម្មជាតិភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទីពីរចំនួន៣០០០ដើមនៅសហគមន៍ត្រពាំងសង្កែ ខេត្តកំពត៕