(ភ្នំពេញ)៖ សាលាឧទ្ធរណ៍នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីសេចក្តីថ្លែងការណ៍មួយ ដោយបានស្នើដល់ម្ចាស់គណនី Facebook ឈ្មោះ «គីរី សុខហេង សម័យសន្ដិភាព» ឲ្យបញ្ឈប់ការបង្ហោះសារមិនត្រឹមត្រូវ ដោយចោទប្រកាន់ថា សាលាឧទ្ធរណ៍បានកាត់ក្តីមិនត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានឲ្យដឹងថា «កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១១៖៤០នាទីព្រឹក សាលាឧទ្ធរណ៍បានទទួលព័ត៌មានតាមបណ្ដាញ Facebook របស់ឈ្មោះ គីរី សុខហេង សម័យសន្ដិភាព បានបង្ហោះសារផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន បញ្ជាតុលាការសាលាឧទ្ធរណ៍កាត់ក្ដីមិនត្រឹមត្រូវ សូមសម្ដេចទាំងទ្វេរជួយរកយុត្ដិធម៌ ជូនខ្ញុំបាទដោយសេចក្ដីអនុគ្រោះ»។
ពាក់ព័ន្ធនឹងករណីនេះ សាលាឧទ្ធរណ៍បានកត់សម្គាល់ឃើញថា លោកបានផ្សព្វផ្សាយនូវព័ត៌មាន មិនបានត្រឹមត្រូវតាមអង្គហេតុវិវាទ ព្រមទាំងមានពាក្យសំដីហាក់មានការប្រមាថ ប៉ះពាល់ដល់កិត្ដិយសចៅក្រម និងស្ថាប័នធ្ងន់ធ្ងរ ព្រមទាំងអាចនាំឲ្យសាធារណជនមានការភ័ន្ដច្រឡំទៀតផង។
សាលាឧទ្ធរណ៍ បានលើកឡើងថា «ទោះបីទង្វើនេះ បានប្រព្រឹត្ដខុសច្បាប់ក៏ដោយ សាលាឧទ្ធរណ៍ហាក់យល់ថា ដោយសារការខ្វះយល់ដឹងរបស់លោក ដូច្នេះសាលាឧទ្ធរណ៍សូមស្នើដល់ម្ចាស់គណនី Facebook ឈ្មោះ គីរី សុខហេង សម័យសន្ដិភាព បញ្ឈប់ការបង្ហោះសារមិនត្រឹមត្រូវចាប់ពីពេលនេះតទៅ»។
ខាងក្រោមនេះ ជាសេចក្ដីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍៖