(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសជនជាតិវៀតណាមម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនប្រភេទកូកាអុីនប្រមាណ១១០០ជាងគីឡូក្រាម ចូលមកប្រទេសកម្ពុជា។ ជាមួយគ្នានេះ តុលាការក៏បានកាត់ទោសកំបាំងមុខ ដោយផ្តន្ទាទោសបក្ខពួករបស់គេចំនួន៣នាក់ទៀត ដែលរត់គេចខ្លួន ឱ្យជាប់ពន្ធនាគារមួយជីវិតដូចគ្នា។
ជនជាតិវៀតណាម ដែលតុលាការផ្តន្ទាទោសនេះ មានឈ្មោះ ហ្វឿង មិញគក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុនដឹកជញ្ជូនហ្គូលឌិន Golden (international import export Co Ltd)។
ជនជាតិវៀតណាមឈ្មោះ ហ្វឿង មិញគក់ រូបនេះ ត្រូវបានសមត្ថមិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅច្រកព្រំដែនកម្ពុជា-វៀតណាម នៅពេលកំពុងចុះហត្ថលេខា ទទួលទំនិញ៣កុងតឺន័រ ដែលផ្ញើមកពីប្រទេសអេក្វាឌ័រ មានសាច់ត្រីសមុទ្រសរុប២៤តោន ក្នុងនោះក៏មានថ្នាំញៀនប្រភេទ កូកាអុីនទំងន់១១០០ ជាងគីឡូក្រាម បង្កប់ខាងក្នុងត្រីសមុទ្រផងដែរ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា កាលពីអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងសន្តិសុខចិន បានផ្ដល់ព័ត៌មានមកថា មានកុងតឺន័រចំនួន៣ផ្ញើមកពីប្រទេសអេក្វាឌ័រ ឆ្លងកាត់កោះហុងកុង ប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសវៀតណាម តម្រង់ឆ្ពោះមកប្រទេសកម្ពុជា មានបង្កប់កូកាអុីនទំងន់១១០០ជាងគីឡូក្រាម នៅក្នុងសាច់ត្រីសមុទ្រ ហើយអ្នកដែលចុះហត្ថលេខាទទួលកាន់ទូរស័ព្ទលេខ ០៧១ ៧៤៥ ៧៩៧៩ មានចុះបញ្ជីនៅកម្ពុជា ហើយគ្រឿងញៀនទាំងនេះអាជ្ញាធរចិនបានរឹបអូស ១១០០ជាងគីឡូ ដោយបញ្ជូនកុងតឺន័រសាច់ត្រី និងគ្រឿងញៀនតែ១០០គីឡូប៉ុណ្ណោះមកកម្ពុជា ដើម្បីស្វែងរកចាប់ខ្លួនម្ចាស់ទំនិញនោះ។
នៅក្នុងសវនាការជនជាប់ចាប់ចោទ បានឆ្លើយបដិសេធមិនទទួលស្គាល់ទំនិញនេះក្ដី តែតំណាងអយ្យការដោយយោងទៅលើភស្តុតាង និងឯកសារពាក់ព័ន្ធនានា បានធ្វើសេចក្ដីសន្និដ្ឋានចោទប្រកាន់ជនត្រូវចោទពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារញៀនឆ្លងដែន ហើយស្នើឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕