(តាកែវ)៖ បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្រ្តីកាំកុងត្រូល បានចុះទៅធ្វើការអប់រំណែនាំអស់ជាច្រើនលើកច្រើនសារ ចំពោះម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទី ហើយម្ចាស់ទីតាំងទាំងអស់នោះ នៅតែបន្តសកម្មភាពលួចលាក់ផលិតស្ករត្នោតក្លែងក្លាយបន្តទៅទៀត នៅពេលនេះមន្រ្តីកាំកុងត្រូលបានដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់ ចំពោះម្ចាស់ទីតាំងទាំងអស់នោះ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលបានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា ម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយ នៅតែបន្តសកម្មភាពខុសច្បាប់ មន្រី្តជំនាញសាខាកាំកុងត្រូលខេត្តតាកែវ បានដាក់កម្លាំងសម្ងាត់ឃ្លាំមើលទីតាំងជាច្រើន ដែលធ្លាប់ផលិតស្ករត្នោតក្លែងក្លាយនៅក្នុងស្រុកបាទី ហើយនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការចូលរួមសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ រួមជាមួយអាជ្ញាធពាក់ព័ន្ធ បានចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លាយចំនួន២កន្លែង នៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
លោក ប៉ោ លាងគង់ បានថ្លែងបន្តថា ការចុះឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ គឺជាការអនុវត្តធម៍ក្តៅលើម្ចាស់សិប្បកម្មឥតច្បាប់ទាំងនោះ ដែលពួកគាត់នៅតែបន្តលួចផលិត នៅប្រភេទស្ករត្នោតក្លែងក្លាយនេះ បើទោះបីជាពួកគាត់ធ្លាប់ត្រូវបានអាជ្ញាធរខេត្ត និងក្រុមមន្ត្រីជំនាញ ចុះមកធ្វើការអបរំណែនាំអស់ជាច្រើនលើកច្រើនសារ មកហើយក្តី តែម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងនោះនូវតែមិនខ្លាចញញើតនឹងច្បាប់ ។
លោកប្រធានសាខាកាំកុងត្រូលខេត្តបានបន្តថា ក្រោយការចុះឆ្មក់ចាប់ ម្ចាស់ទីតាំងផលិតស្ករក្លែងក្លាយខាងលើបានរត់គេចខ្លួនអស់ តែទោះជាយ៉ាងណា លោកនឹងដាក់ពាក្យបណ្តឹងប្តឹងទៅលើម្ចាស់ទីតាំង ខាងលើទៅតុលាការ ដើម្បីឱ្យតុលាការចាត់ការ ម្ចាស់ទីតាំងផលិតស្ករត្នោតក្លែងក្លាយនោះទៅតាមនិតិវិធីច្បាប់។
លោក ភួង ឈីម អភិបាលស្រុកបាទី បានឱ្យដឹងថា នៅក្នុងស្រុកបាទីនេះ គឺមានទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះចំនួន៤៣ទីតាំង នៅឃុំចំនួន ៣ហើយម្ចាស់ទីតាំងទាំង៤៣នោះ គឺធ្លាប់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធស្រុកជាច្រើនលើកច្រើនសារថា បញ្ឈប់ការផលិតស្កក្លែងក្លាយនេះតទៅទៀត ក៏ប៉ុន្តែពួកគេប្រមាណ២៥ទីតាំង បានលួចធ្វើសកម្មភាពឆក់កន្តៀត ផលិតស្ករត្នោតកែច្នៃចេញពីស្ករសរនេះ ទើបយើងប្រើវិធីសាស្ត្រឆ្មក់ចាប់ទីតាំងខាងលើនេះតែម្តង ។
សូមបញ្ជាក់ផងដែរថា ក្នុងការឆ្មក់ចាប់ទីតាំងផលិតស្ករត្នោតក្លែងក្លាយខាងលើ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុដកហូតវត្ថុតាងជាច្រើន ដែលបង្កជាការផលិតស្ករត្នោតក្លែងក្លាយនេះ រួមជាមួយនឹងស្ករត្នោតក្លែងក្លាយ ដែលផលិតរួចនូវមិនទាន់ដឹកចេញចំនួន៨ធុង ដោយក្នុងមួយធុងមានទម្ងន់ជាង ១០០គីឡូក្រាម។ ហើយវត្ថុតាងខាងលើត្រូវបានដឹកយកមករក្សាទុកនៅសាលាស្រុកបាទី ដើម្បីរង់ចាំការអនុវត្តច្បាប់បន្ត៕