(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ សូមប្រញ៉ាប់ទៅមណ្ឌលសុខភាពដែលនៅជិតបំផុតបើមានសត្វអសិរពិលខាំ ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ បានទាន់ពេលវេលា ឆាប់ជាសះស្បើយ និងឆាប់បានត្រឡប់ទៅផ្ទះវិញ។
លោកអភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះ នៅក្នុងឱកាសចុះចែកអំណោយសប្បុរសជន ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៤៩៥ខ្នងផ្ទះ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកអភិបាលខេត្តបានថ្លែងបន្តថា កម្ពស់ទឹកទន្លេមេគង្គក្នុងឆ្នាំនេះ ឡើងខ្ពស់បំផុតកម្ពស់១៥.៥៧ម៉ែត្រ ដែលកម្ពស់នេះបើប្រៀបធៀបទឹកធំនាឆ្នាំកន្លងទៅ គឺមិនធ្ងន់ធ្ងរពេកទេ ប៉ុន្តែវាជាអកុសលដែលទឹកឡើងចុះៗ ធ្វើឱ្យមានការខូចផលដំណាំទាំងស្រុងតែម្តង ហើយបង្កឱ្យបងប្អូនជួបការលំបាក និងមានផលប៉ះពាល់ដល់ជីវភាពគ្រួសារ ហេតុដូច្នេះហើយទើបលោកបានខិតខំប្រឹងប្រែង ស្វែងរកជំនួយសប្បុរសជនដើម្បីបានជាអំណោយ យកមកចែកជូនបងប្អូនដើម្បីបានដោះទាល់ នៅគ្រាកំពុងមានការលំបាកនេះ។
លោកអភិបាលខេត្តបន្តទៀតថា គិតមកដល់ថ្ងៃនេះ នៅតែមានប្រជាពលរដ្ឋដែលរងគ្រោះដោយសារពស់ចឹក ហើយចំនួនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារពស់ចឹក មានចំនួនជាង១០០នាក់ហើយ ដោយក្នុងនោះ មានមកពីខេត្តត្បូងឃ្មុំខ្លះ និងខេត្តកំពង់ចាមខ្លះ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យបានព្យាបាលពួកគាត់ បានជាសះស្បើយបានឆាប់រហ័ស និងឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយគ្មានអ្នករងគ្រោះដល់អាយុជីវិតនោះទេ។
បើទោះជាយ៉ាងនេះក្តី លោកអភិបាលខេត្ត នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ សូមប្រញ៉ាប់ទៅមណ្ឌលសុខភាព ដែលនៅជិតបំផុតបើមានសត្វអសិរពិលខាំ ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះឆាប់ជាសះស្បើយ ជៀសវៀងការមានគ្រោះថ្នាក់ដល់អាយុជីវិត។
សូមបញ្ជាក់ដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន៤៩៥ខ្នងផ្ទះ គឺផ្ទះមួយទទួលបានអង្ករ២៥គីឡូក្រាម មីមួយកេស ត្រីខកំប៉ុង១យួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវ១យួរ និងថ្នាំពេទ្យ១កញ្ចប់៕