Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គឹម សន្តិភាព៖ ក្នុងករណីចាំបាច់យោបល់របស់មន្ត្រីជំនាញ ជាមូលដ្ឋានមួយក្នុងការធ្វើសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់ចៅក្រម (Video inside)

17-09-2018 10:42

(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្នុងករណីចាំបាច់យោបល់របស់មន្ត្រីជំនាញជាមូលដ្ឋានមួយ ក្នុងការធ្វើសេចក្តីសម្រេច តាមឆន្ទានុសិទ្ធិរបស់ចៅក្រម។

ការពន្យល់ផ្នែកច្បាប់របស់ មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានមតិនានា បកស្រាយផ្សេងៗគ្នាជុំវិញការអនុញ្ញាតឱ្យលោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្ន ជាមួយនឹងលក្ខខណ្ឌមួយចំនួន។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចៅក្រម មិនមែនចេះជំនាញគ្រប់ប្រភេទ ឬធ្វើកិច្ចការគ្រប់ជំនាញនោះទេ ហេតុនេះក្នុងករណីចាំបាច់ណាមួយក្នុងសំណុំរឿង ដូចជាទាក់ទងនឹងបញ្ហាវេជ្ជសាស្ត្រ (សុខភាព) បញ្ហាកោសលវិច័យ បញ្ហាសន្តិសុខ ឬបញ្ហាបកប្រែភាសាជាដើម ចៅក្រមត្រូវការជាចាំបាច់នូវយោបល់របស់អ្នកជំនាញទាំងនោះ ដើម្បីឈានទៅធ្វើសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់ខ្លួន»។

លោកបានបន្តថា ហេតុនេះការផ្តល់យោបល់របស់មន្ត្រីជំនាញ ពុំមានន័យថា ជាការរំលោភទៅលើឯករាជ្យភាពរបស់ស្ថាប័នតុលាការនោះទេ ផ្ទុយទៅវិញយោបល់នេះ ជាការរួមចំណែកមួយធ្វើឱ្យសេចក្តីសម្រេចរបស់ស្ថាប័នតុលាការ មានសុក្រិតភាព!៕