(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ឱ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ម៉ាឡេស៊ី និងទីក្រុងហូជីមិញ បានបន្ដអន្ដរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ចំនួន៥៥នាក់ ឱ្យបានត្រឡប់មកមាតុភូមិវិញ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសបានបញ្ជាក់ថា៖
១៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ធ្វើអន្តរាគមន៍ជួយសង្រ្គោះ និងរៀបចំមាតុភូមិនិវត្តន៍ស្រ្តីខ្មែរចំនួន២នាក់ មកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការ ដោយខុសច្បាប់ ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន។ ស្រ្តីទាំងពីរនាក់ បានត្រលប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
២៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរ ចំនួន២២នាក់ មកពីខេត្តកំពង់ចាម កំពង់ធំ តាកែវ ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ និងខេត្តស្វាយរៀង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រលប់មកកម្ពុជាវិញ។ ពលករ-ពលការិនីទាំង២២នាក់ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។
៣៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ចំនួន៣១នាក់ (ក្នុងនោះមានកុមារ២៣នាក់) មកពីខេត្តស្វាយរៀង ដែលចូលទៅស្នាក់នៅ និងប្រកបរបរលក់ឆ្នោតដោយខុសច្បាប់ នៅក្នុងប្រទេសវៀតណាម។ ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង៣១នាក់នោះ មកដល់កម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែងបញ្ជូនបន្តទៅស្រុកកំណើត៕