(អាមេរិក)៖ បណ្តាប្រជាពលរដ្ឋខ្មែររស់ទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំអង្គការ សហប្រជាជាតិលើកទី ៧៣ នៅទីក្រុង New York នាពេលខាងមុខនេះ។

បណ្តាប្រជាពលរដ្ឋខ្មែររស់ទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាជូសេត និងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក បានប្រកាសថា ពួកគេបានត្រៀមខ្លួនរួចស្រេចនឹងនាំគ្នាទៅទទួលស្វាគមន៍ការអញ្ជើញមកដល់របស់ សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីអាមេរិកជាថ្មី ខាងមុខនេះ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល អាណត្តិថ្មី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសម័យប្រជុំអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។

កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស​ម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕