(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីបេះដូងមនុស្សធម៌ដ៏ល្អបរិសុទ្ធ របស់លោកវេជ្ជបណ្ឌិត Beat Richner ជាជនជាតិស្វីស ជាជនបរទេសមួយរូបផ្សេងពីជនជាតិខ្មែរ ហើយដែលស្ទើរតែមួយជីវិតរបស់លោកវេជ្ជបណ្ឌិត បានលះបង់គ្រប់បែបយ៉ាងក្នុងការជួយព្យាបាលពុំយកប្រាក់កម្រៃដើម្បីបម្រើជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរ ពិសេសជួយដល់កុមារកម្ពុជា ដ៏ប្រពៃថ្លៃថ្លានេះ គឺពិតជាធ្វើឲ្យប្រជាជាតិខ្មែរ បេះដូងកុលបុត្រខ្មែរចងចំានិងដឹងគុណពុំអាចបំភ្លេចបាននោះទេ។ បានន័យថា «ចំពោះវីរភាពលោកវេជ្ជបណ្ឌិត Beat Richner ក្លាយជាគម្រូដល់ជនបរទេស»ទំាងទ្បាយ។
បើនិយាយអំពីការដឹងគុណនេះ ខ្មែរជាជនជាតិមួយដែលមានប្រពៃណីក្នុងការគោរពដឹងគុណមិនថាខ្មែរ ឬបរទេសនោះទេ ទៅដល់បុគ្គលទំាងទ្បាយណាដែលមានគុណបំណាច់ បម្រើជាតិ មាតុភូមិខ្លួនដោយទឹកចិត្ដបរិសុទ្ធនេះឯង។ ពីព្រោះខ្មែរជាជាតិសាសន៍មួយ មានចរិតទន់ភ្លន់ សុខភាពរាបសា ស្មោះត្រង់ និងចេះជួយយកអាសាគ្នា ទៅវិញទៅមកតែម៉ឺងម៉ាត់។ ដោយស្ថិតត្រង់ចំណុចនេះហើយ ទើបយើងឃើញថា នៅគ្រប់តំបន់ក្នុងសង្គមខ្មែរយើង បានបង្កប់នូវទស្សនវិជ្ជា ដែលជាបុព្វបុរសខ្លួនជាច្រើន ដោយស្ថិតក្រោមរូបភាពជាទេពផ្សេងៗ និងមានមុខងារផ្សេងៗពីគ្នា ពិសេសអ្នកតានេះឯងតែម្ដង។ ក្នុងនោះក៏យើងឃើញមានអ្នកតាចិនផងដែរ។
បានសេចក្ដីថា «ខ្មែរជាជាតិសាសន៍មួយពូកែសំយោគជនជាតិ ជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់» ឲ្យរស់នៅក្នុងសង្គមជាគ្នាយ៉ាងសុខសាន្ដបំផុតលើលោក។
លោក រត្ន័ សណ្ដាប់ បន្ដថាបើនិយាយពីសាវតារ ឬសកម្មភាពសុខាភិបាល មនុស្សធម៌សុខភាពសារណៈនេះផងដែរ សម្រាប់ប្រទេសកម្ពុជា ក្នុងការអ្នកជួយដល់វិស័យនេះ គឺមានតែកិច្ចសហប្រតិបត្ដិការរវាងប្រទេស និងប្រទេស ឬរដ្ឋាភិបាល និងរដ្ឋាភិបាលតែប៉ុណ្ណោះ។ ក្នុងនោះជាអាទិ៍៖មន្ទីរពេទ្យរុស្ស៊ី ជំនួយពីរដ្ឋាភិបាលប្រទេសរុស្ស៊ី, មន្ទីរពេទ្យកាល់ម៉ែត្រ ជំនួយពីរដ្ឋាភិបាលបារំាង ជាដើម។ស្ថិតត្រង់ចំណុចនេះ បើយើងនិយាយអំពីភាពអស្ចារ្យរបស់លោកវេជ្ជបណ្ឌិត Beat Richnerនេះវិញ គឺលោកវេជ្ជបណ្ឌិត ជាបុគ្គលឯកជន ម្នាក់ប៉ុណ្ណោះ តែបានស្ថាបនាមន្ទីរពេទ្យគន្ទរបុប្ជា ក្លាយជាមន្ទីរពេទ្យដ៏អស្ចារ្យក្នុងប្រទេសកម្ពុជា ហើយរហូតក្លាយជាមន្ទីរពេទ្យគម្រូក្នុងតំបន់អាស៊ីនេះទៀតផង។
លោក រត្ន័ សណ្ដាប់ បន្ដទៀតថាបើដូច្នេះចំពោះវីរភាពលោកវេជ្ជបណ្ឌិត Beat Richnaer បើទោះបីជាលោកវេជ្ជបណ្ឌិត បានលាចាកលោកពីយើងទៅមែន ប៉ុន្ដែសម្រាប់មរតក ដ៏ប្រពៃថ្លារបស់លោកវេជ្ជបណ្ឌិត គឺត្រូវបានសម្ដេចតេជោ ហ៊ុន សែន បន្ដថែរក្សានិងលើកកម្ពស់សព្វបែបយ៉ាងទំាងអស់ ក្នុងបុព្វហេតុដើម្បីថែរក្សាដល់សុខមាភាពកូនខ្មែរជារៀងរហូត។ បើឈរលើគុណបំណាច់ទំាងនេះ ជាចុងក្រោយអ្នកជំនាញអារ្យធម៌ខ្មែរ យល់ថាដើម្បីបង្ហាញជាការដឹងគុណដល់លោកវេជ្ជបណ្ឌិត Beat Richner រាជរដ្ឋាភិបាលគួរកសាង រូបសំណាកដើម្បីទុកជាចងចំាដល់កូនខ្មែរជំនាន់ក្រោយ ពិសេសទុកជាគម្រូដល់ជនបរទេសទំាងទ្បាយ៕