(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡូវ៉ែលសហរដ្ឋអាមេរិក ក្នុងរដ្ឋម៉ាស្សាជូសេត សហរដ្ឋអាមេរិក បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក នៅពេលឆាប់ៗខាងមុខនេះ។
តាមរយៈវីដេអូមួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមប្រជាពលរដ្ឋខ្មែរអនិកជនទាំងនោះ បានត្រៀមខ្លួនរួចស្រេច នឹងទៅទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ដែលនឹងមកទីក្រុង New York ដើម្បីចូលរួមសម័យប្រជុំអង្គការសហប្រជាជាតិលើកទី៧៣។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមសម័យប្រជុំអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។
កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕