(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា អគារដែលរលំបាក់នៅជិត Pub Street នោះគឺជាអគារចាស់ទ្រុឌទ្រោមសល់ពីជំនាន់បារាំង ដែលបានសាងសង់ឡើងដោយគ្មានគ្រោងដែកនៅខាងក្នុងនោះទេ ខណៈម្ចាស់ទីតាំងកំពុងតែរៀបចំជួសជុលឡើងវិញទើបបានប៉ុន្មានថ្ងៃ។
លោក ឃឹម ប៊ុនសុង ដែលបានចុះទៅកន្លែងកើតហេតុភ្លាមៗ និងបានដឹកនាំក្រុមអ្នកបច្ចេកទេសជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមត្ថកិច្ចពាក់ព័ន្ធពិនិត្យស្រាវជ្រាវ រហូតមកដល់រសៀលថ្ងៃនេះ បានបញ្ជាក់ថា អគារនេះពីមុនម្ចាស់ដើមធ្លាប់ជួសជុលម្ដងរួចមកហើយ ប៉ុន្ដែហាក់មិនស្របតាមស្ដង់ដារបច្ចេកទេស ទើបម្ចាស់ថ្មីរៀបចំជួសជុលឡើងវិញ ស្រាប់តែមានហេតុការណ៍នេះកើតឡើងតែម្ដង។
ដោយឡែកសម្រាប់ជនរងគ្រោះដែលស្លាប់ និងរបួសវិញ ត្រូវបានអភិបាលខេត្តសៀមរាបឲ្យដឹងថា ជនរងគ្រោះគឺជាជាងដែលមកជួសជុលអគារនេះ ហើយដោយសារផ្ទះឆ្ងាយទៅសម្រេចស្នាក់នៅក្នុងអគារនេះតែម្ដង។
បើតាមអភិបាលខេត្ត ជនរងគ្រោះបានដេកនៅកន្លែងផ្សេងគ្នា ដោយ៤នាក់ដេកជុំគ្នា និងម្នាក់ទៀតដេកដាច់ដោយឡែក លុះពេលកើតហេតុ ផ្ទាំងនៃអគារដែលបាក់នោះ ក៏ធ្លាប់ចំជនរងគ្រោះដែលដេកតែម្នាក់ឯងនោះតែម្ដង បណ្ដាលឲ្យស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។
សូមជម្រាបថា នៅយប់ម៉ោងប្រមាណ១៖០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ មានករណីរលំអគារសល់ពីសម័យបារាំង នៅតំបន់ Pub Street ជិតផ្សារចាស់ ខេត្តសៀមរាប បណ្តាលឲ្យកម្មករដែល ធ្វើការក្នុងការដ្ឋានជួសជុលអគារម្នាក់បានស្លាប់ និង៤នាក់រងរបួស។ នេះបើតាមការបញ្ជាក់ពី លោក ហួត សុធី ស្នងការរងនគរបាល ខេត្តសៀមរាប។
ជនរងគ្រោះទាំងនោះរួមមាន៖ ទី១៖ឈ្មោះ ឃុំ ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ បានស្លាប់, ទី២៖ឈ្មោះ ម៉ុត រី ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសលើភ្នែកឆ្វេង និងជើងឆ្វេង, ទី៣៖ឈ្មោះ ឌី ស្នា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រាល, ទី៤៖ឈ្មោះ សល់ សេក ភេទប្រុស អាយុ ២៧ឆ្នាំ របួសបែកចឹញ្ចើមស្តាំ និងទី៥៖ឈ្មោះ មឺ មេត ភេទប្រុស អាយុ៣០ឆ្នាំ របួសបែកក្បាល និងជង្គង់ឆ្វេង។ អ្នកទាំង៥នាក់ខាងលើ រស់នៅភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ក្រោយកើតហេតុកម្មករដែលស្លាប់ ត្រូវបានអាជ្ញាធរប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រណី និងកម្មករ៤ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕