(ភ្នំពេញ)៖ ក្រោយពីបានទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជននៅប្រទេសកម្ពុជាក្នុងការទស្សនាខ្សែភាពយន្ដថៃ ស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ នឹងរៀបចំមហោស្រពភាពយន្តថៃលើកទី ៣ ឆ្នាំ ២០១៨ (Thai Film Festival 2018) នៅរោងភាពយន្ត Major Platinum Cineplex ស្ថិតនៅផ្សារទំនើប Aeon សែនសុខ។
លោក ជីរ៉ាវុឍ សុណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញបានថ្លែងថា «កម្មវិធីមហោស្របភាពយន្តថៃលើកទី៣ ឆ្នាំ២០១៨នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងអ្នកផលិតខ្សែភាពយន្ត និងបណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធជាមួយវិស័យឧស្សាហកម្មភាពយន្ត របស់កម្ពុជា និងថៃ»។
លោកបានបន្តថា ខ្សែភាពយន្តថៃចំនួន ៤ រឿងដែលនឹងយកមកចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃ នៅក្នុងរោងភាពយន្ត Major Platinum Cineplex Hall 3 ផ្សារទំនើប Aeon សែនសុខ ដែលអាចផ្ទុកទស្សនិជនបានចំនួន ២៦៦ នាក់ក្នុងមួយលើក។
រឿងទី១៖ ចាក់បញ្ចាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៨ នៅម៉ោង៖៧ល្ងាច មានចំណងជើងថា «Memories of New Year» (អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ) ដែលរឿងនេះបានសម្តែងរួមគ្នាដោយតារាសម្តែងមកពីប្រទេសចំនួន៤ ដែលមានដូចជាប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។ រឿងទី២៖ «Premika Parab» (ខារ៉ាអូខេមរណៈ) ចាក់បញ្ចាំងជូនទស្សនានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង៖៧ល្ងាច, រឿងទី ៣ «Siam Square» (ខ្មោចស្រីចាំអាគារ) ចាក់បញ្ចាំងជូនទស្សនានៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១២ ថ្ងៃត្រង់។ និងរឿងទី៤ «Som Pak Sian (E-Sarn Love Story)» (រដឺនខកស្នេហ៍) ចាក់បញ្ចាំងជូនទស្សនា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង១២ថ្ងៃត្រង់នេះ៕
សូមចូលរួមទស្សនាទាំងអស់គ្នា !!!