(តាកែវ)៖ លោក កឹម រ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានប្រគល់ធុងចម្រោះទឹកស្អាតចំនួន៧៦៩ធុង ជូនដល់ប្រជាជន នៅក្នុងស្រុកបូរីជលសារ ចំនួន៤៦៩គ្រួសារ និងស្រុកកោះអណ្តែត ចំនួន៣០០គ្រួសារ ដែលកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ ដោយធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ពិសេសបញ្ហាទឹកស្អាត។
នៅក្នុងឱកាស ប្រគល់ធុងចម្រោះទឹកស្អាត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក កឹម រ័ត្ន វិសិដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ដួង តិច អនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅប្រទេសកម្ពុជា ដែលបានឧបត្ថម្ភ ជាធុងចម្រោះទឹកស្អាតទាំងនេះ សម្រាប់ចែកជូនប្រជាជនរងគ្រោះទាំងនេះ។
វេទិកាសម្ព័ន្ធសង្គមស៊ីវិល តែងតែសម្របសម្រួលការងារជាមួយអង្គការ-សង្គមស៊ីវិល ទាំងថ្នាក់ជាតិ និងទាំងថ្នាក់អន្តរជាតិ ក្នុងកិច្ចបំពេញតាមតម្រូវការ ជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋាន ដែលជានិច្ចកាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល តែងតែចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជួយរំលែកទុក្ខលំបាករបស់ប្រជាជន។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានប្រគល់ និងបំពាក់សម្ភារអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យចំនួន១០០គ្រឿង ជូនដល់ប្រជាជននៅក្នុងស្រុកបូរីជលសារ ដែលកំពុងត្រូវការអគ្គិសនីប្រើប្រាស់ផងដែរ៕