(ភ្នំពេញ)៖ ដើម្បីពង្រឹកការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពល្អប្រសើរមួយកម្រិតទៀតនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងអស់ ត្រូវបន្តសហការរួមគ្នាជាមួយផ្នែកឯកជន ផ្នែកពាក់ព័ន្ធនានាអនុវត្ត «យុទ្ធនាការអនាម័យបង្គន់សាធារណៈ និងភោជនីយដ្ឋាន-អាហារដ្ឋានគ្មានសំរាមក្រោមតុនៅទូទាំងប្រទេស» បន្តចាប់ពីចុងឆ្នាំ២០១៨ ដល់ពេញមួយឆ្នាំ២០១៩ ដាច់ខាតត្រូវធ្វើឱ្យមានប្រសិទ្ធភាពបំផុត។
ការណែនាំអនុសាសន៍យ៉ាងដូច្នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារក្នុងឆមាសទី៣ នៃឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តនៅឆមាសទី៤ នៃឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងទេសចរណ៍។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំយ៉ាងដូច្នេះថា «ត្រូវធ្វើឱ្យបង្គន់អនាម័យទាំងសាធារណៈ ទាំងនៅគ្រប់ភោជនីយដ្ឋាន សណ្ឋាគារ និងគ្រប់ទីកន្លែង, នៅទូទាំងប្រទេសត្រូវមានអនាម័យស្អាត មានទឹក សាប៊ូ កន្សែងក្រដាស មានអ្នកសម្អាតប្រចាំការទៅតាមស្តង់ដាអាស៊ាន និងអន្តរជាតិ»។
លោករដ្ឋមន្ត្រីបានបន្តថា គ្រប់ភោជនីយដ្ឋាន អាហាដ្ឋាន និងអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ចំពោះបញ្ហាគុណភាពសេវាកម្ម ម្ហូបអាហារត្រូវមានអនាម័យល្អ តម្លៃសមរម្យ ពិសេសកុំឱ្យមានសំរាមក្រោមតុជាដាច់ខាត ឬអាចជំនួសដោយកន្សែងត្រជាក់វិញ ក៏ជាការប្រសើរដែរ។
មួយទៀតសោត លោកក៏បានបន្តដាស់តឿន និងណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលចំណុះក្រោមក្រសួងទេសចរណ៍ ត្រូវបន្តអនុវត្តការងារតាមតួនាទីរៀងៗខ្លួន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកជកជន ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រការងារទេសចរណ៍ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍កម្ពុជា មានការអភិវឌ្ឍឈានឡើងប្រកបដោយគុណភាព ភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ៕