(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានបន្តដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខប្រជាជន ទីទ័លក្រមួយគ្រួសារទៀត ដែលរស់នៅភូមិបល្ល័ង្កខាងកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ហ៉ិន ហាន អាយុ៥៥ឆ្នាំ ប្រកបមុខរបរធ្វើកម្មករ និងស៉ីឈ្នួលធ្វើការងារផ្សេងទៀត តាមដែលគេត្រូវការ មានភរិយាឈ្មោះ សុន សៀប អាយុ៥១ឆ្នាំ ប្រកបមុខរបរជាអ្នកស៉ីឈ្នួលលាងចាន បោកគក់ខោអាវ និងកម្មករផ្សេងៗទៀតតាម ដែលអាចធ្វើទៅបាន។ គ្រួសារនេះមានកូនចំនួន៤នាក់ នៅក្នុងបន្ទុក កូនបងៗចំនួន២នាក់ ដើរស៉ីឈ្នួល ធ្វើកម្មករសំណង់បានប្រាក់ គ្រាន់ទិញអង្ករដោះស្រាយជីវភាព ឯកូនតូចៗ២នាក់ទៀត ជាកូនភ្លោះកំពុងរៀនសូត្រនៅថ្នាក់ទី២។ អ្នកទាំង០៦នាក់នេះ រស់នៅក្នុងខ្ទមកំសត់បែកបាក់តូចចង្អៀត ប្រើប្រាស់ភ្លើងអគ្គិសនីអំពូលមួយ បំភ្លឺក្នុងមួយខែៗ ចំណាយអស់ប្រាក់តែចំនួន ២,៥០០រៀលប៉ុណ្ណោះ។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្តនេះ ក្រុមការងារមនុស្សធម៌ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនក្រុមគ្រួសារគាត់មានអង្ករចំនួន៥០គីឡូក្រាម, មីយើងចំនួន២កេស, ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរ និងថវិកាចំនួន ១០០,០០០រៀល។
គ្រួសារក្រីក្រទុរគតនេះ មានចិត្តរំភើបណាស់ ក្រោយបានទទួលអំណោយស្បៀងអាហារ និងថវិកា សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់។ ពួកគាត់ចង់បានជម្រកស្នាក់នៅសមរម្យមួយខ្នង តែគាត់គ្មានលទ្ធភាពធ្វើបាន ដោយជម្រកស្នាក់នៅនេះតូចចង្អៀត ហើយពេលភ្លៀងម្ដងៗ ត្រូវភ្លៀងសាចមកពីគ្រប់ទិសទី សម្រាកមិនបាន៕