(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំអ្នកស្ម័គ្រចិត្តជាច្រើននាក់ មានមន្រ្តីរាជការ យុវជន និងប្រជាពលរដ្ឋទាំង៧សង្កាត់ នៃខណ្ឌឫស្សីកែវ ចំនួនជាង៥០០នាក់ ដើម្បីចូលរួមទិវាសម្អាតពិភពលោក World Cleanup Day ក្រោមការរៀបចំដោយក្រសួងបរិស្ថាន ផ្តោតសំខាន់លើការកាត់បន្ថយការបំពុល បរិស្ថាន និងការប្រើប្រាស់សំណល់ផ្លាស្ទិក។
ក្នុងពិធីនេះដែរ លោក ជា ពិសី បានលើកឡើង ដើម្បីជំរុញ និងបំផុសឲ្យមានការចូលរួមពីសាធារណជន និងភាគីពាក់ព័ន្ធដែលជាចលនាសកលដោយផ្សាភ្ជាប់ មនុស្ស និងបរិស្ថាន ក្នុងគោលដៅធ្វើឲ្យពិភពលោកស្អាតគ្មានសំរាម ក៏ដូចជាការឆ្លើយតប នឹងបញ្ហាប្រឈមមួយចំនួន របស់ប្រជាជនគ្រប់វិស័យ ដែលតម្រូវឲ្យមានការលើកទឹកចិត្តចូលរួម សកម្មភាពសំអាតបរិស្ថានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីឲ្យក្លាយជាចលនាសង្គមមួយពោរពេញ ទៅដោយភាពស្អាតទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ។
លោក ជា ពិសី បន្តថា នេះគឺជាចលនាមួយសម្រាប់យើង ក្នុងទិវាសម្អាតពិភពលោក ដែលជាកម្មវិធីមួយទោះបីមានរយៈពេលមួយខ្លី តែយើងបានធ្វើការ ផ្សព្វផ្សាយយល់ដឹងទៅដល់អង្គភាព ដល់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឲ្យទីក្រុងភ្នំពេញ យើងស្អាតមានភាពបៃតងស្រស់បំព្រង ហើយដើម្បីបានភាពបៃតង និងស្រស់បំព្រងនោះ ទាល់តែយើងទាំងអស់គ្នាចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា។
លោកអភិបាលខណ្ឌឫស្សីកែវ សង្ឃឹមថា អ្នកចូលរួមដោយស្ម័គ្រចិត្តថ្ងៃនេះ នឹងក្លាយជាអ្នកដឹកនាំមួយរូបសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងដឹកនាំគ្រប់ទីកន្លែងរបស់យើង ឲ្យមានអនាម័យស្អាតជានិច្ច ដើម្បីចូលរួមលើកកម្ពស់ ទីក្រុងរបស់យើងឲ្យមានភាពបៃតង ជាទីក្រុងស្អាតរស់នៅ ប្រកបដោយខ្យល់អាកាសល្អបរិសុទ្ធ និងមានផាសុខភាព។
លោកបន្តថា លោកតែងតែយកចិត្តទុកដាក់ ខ្ពស់អំពីការថែរក្សាបរិស្ថានស្អាត ព្រមទាំងបានធ្វើសេចក្តីជូនដំណឹង គ្រប់គ្រឹះស្ថានសិក្សា ទាំងគ្រឹស្ថានសាធារណៈទាំងឯកជន នៅទូទាំងប្រទេសឲ្យចូលរួមក្នុងការប្រារព្ធទិវាបរិស្ថាន ពិភពលោកតាមរយៈកិច្ចសហប្រតិបត្តិការស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍការផ្តួចផ្តើមគំនិតទីក្រុងស្អាត ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕