(ភ្នំពេញ)៖ កាន់តែងាយស្រួលហើយ សម្រាប់អតិថិជន! ធនាគារអេស៊ីលីដាភីអិលស៊ី បានភ្ជាប់ការទូទាត់សាច់ប្រាក់ លើសេវាជិះរថយន្តក្រុង តាមប្រព័ន្ធសេវាអេស៊ីលីដាទាន់ចិត្ត ដោយចាប់អនុវត្តន៍ ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះតទៅហើយ។នេះបើតាមការបញ្ជាក់របស់លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
លោកស្រី សុខ សោភា បានថ្លែងថា អតិថិជនធនាគារអេស៊ីលីដា ដែលមានភ្ជាប់សេវាអេស៊ីលីដាទាន់ចិត្តទាំងអស់ អាចធ្វើការទូទាត់សាច់ប្រាក់លើសេវាជិះឡានក្រុង បានដោយមិនធ្វើឲ្យខាតពេលវេលា ក្នុងការរង់ចាំយូរ និងមិនចាំបាច់ប្រើប្រាស់លុយសុទ្ធតទៅទៀតទេ ដោយអតិថិជនគ្រាន់តែយកទូរស័ព្ទដៃរបស់លោកអ្នក ដែលមានភា្ជប់សេវាអេស៊ីលីដាទាន់ចិត្ត ស្កែនជាមួយប្រព័ន្ធ QR code ដែលដាក់នៅតាមរថយន្តក្រុងនីមួយៗជាការស្រេច។
លោកស្រីបានបន្តទៀតថា«នៅពេលស្កែនជាមួយប្រព័ន្ធ QR code នេះ ប្រព័ន្ធនេះនឹងកាត់ទឹកប្រាក់ទៅតាមចំនួនតម្លៃត្រឹមត្រូវ ដោយមិនចាំបាច់បញ្ចូលលេខគណនីយឬសាច់ប្រាក់ទៀតឡើយ, តាម ការសហការជាមួយសាលារាជធានីភ្នំពេញ លើការបង់សេវាជិះរថយន្តក្រុង តាមប្រព័ន្ធអេឡេចត្រូនិចនេះ គឺដើម្បីចូលរួមកាត់បន្ថយចំនួនប្រើប្រាស់រថយន្ត កុំឲ្យមានការកកស្ទះចរាចរណ៍ កាត់បន្ថយផ្សែងពុល ការពារបរិស្ថាន និងកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសជំរុញឲ្យប្រជាពលរដ្ឋយើង ប្រើប្រាស់សេវាជិះរថយន្តក្រុងឲ្យ បានច្រើនថែមទៀតផងដែរ ។
លោកស្រី សុខ សោភា ថ្លែងទៀតថា «សង្ឃឹមថា សាធារណៈពិសេសអតិថិជនអេស៊ីលីដា ដែលមានជាង៦៥ម៉ឺននាក់ ដែលកំពុងប្រើប្រាស់សេវាអេស៊ីលីដាទាន់ចិត្ត នឹងប្រើប្រាស់សេវារថយន្តក្រុងនេះ ឲ្យបានច្រើនថែមទៀត ហើយចំពោះអតិថិជនផ្សេងៗទៀត ដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់សេវាអេស៊ីលីដាទាន់ចិត្តនេះ អាចធ្វើការដោនឡូតបានតាមរយៈ អេបរបស់យើង ឬអាចមកទំនាក់ទំនងជាមួយបុគ្គលិកអេស៊ីលីដា រៀងរាល់ម៉ោងធ្វើការ»។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានថ្លែងផងដែរថា ការសហការជាមួយធនាគារអេស៊ីលីដា ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធ QR code នេះ ពិតជាមានសារសំខាន់ណាស់ ចំពោះសាលារាជធានីភ្នំពេញ ក្នុងការដឹកជញ្ជួនប្រជាពលរដ្ឋ ជិះតាមរថយន្តក្រុងដោយ មិនធ្វើឲ្យអ្នកដំណើររង់ចាំយូរ ពិសេសជួយជំរុញឲ្យមានការប្រើប្រាស់សេវាជិះរថយន្តក្រុងនេះ កាន់តែច្រើនឡើងថែមទៀត ព្រោះថាធនាគារអេស៊ីលីដា ជាធនាគារមួយដ៏ធំនៅកម្ពុជា ហើយមានអតិថិជនរាប់លាននាក់ ដែលប្រើប្រាស់សេវាកម្មផ្សេងៗរបស់ធនាគារ ពិសេសសេវាអេស៊ីលីដាទាន់ចិត្តនេះ ។
បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដា មានដៃគូចំនួនជាង១ម៉ឺន៣ពាន់កន្លែងនៅទួទាំងប្រទេស ដែលទូទាត់សាច់ប្រាក់តាមរយៈសេវាអេស៊ីលីដាទាន់ចិត្ត ហើយធនាគារ នឹងពង្រីកសេវានេះ ទៅគ្រប់មធ្យោបាយទាំងអស់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អតិថិជនរបស់ធនាគារ ៕