(ភ្នំពេញ)៖ លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS បានដឹកនាំប្រតិភូទៅចូលរួមក្នុងខួបទី៦០ នៃទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ព្រមទាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង តំបន់ស្វយ័ត្នក្វាងស៊ី ធារណៈរដ្ឋប្រជាមេនិតចិន។
ក្នុងវេទិការពិព័រណ៍ «ពាណិជ្ជកម្ម និងការវិនិយោគស្តីពីចំណុចសំខាន់ៗ នៃទិសដៅសម្រាប់ការវិនិយោគទុនពាណិជ្ជកម្ម និងការទាក់ទាញទេសចរណ៍ ពីប្រទេសចិន« ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ដើម្បីជំរុញកិច្ចសហប្រតិ្តការរបស់វិស័យឯកជន នៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង និងក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន រួមទាំងធ្វើការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរណ៍ចិន ដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន។
ជាការកត់សម្គាល់ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចឲ្យបាននូវគោលដៅវិនិយោគទុននូវទំហំទឹកប្រាក់ ១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ២០២០ ពិពរណ៍ចិន-អាស៊ាននេះ មិនត្រឹមតែផ្តល់ឱកាសដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់របស់អាស៊ាន ការពិភាក្សាផ្លាស់ប្តូរគំនិតគ្នាដើម្បីពង្រឹង និងពង្រីក វិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិការមួយចូលរួមចំណែក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបង្កើនកាលានុវត្តភាព ពាណិជ្ជកម្មរវាងប្រទេសចូលរួមពិពរណ៍លើគ្រប់វិស័យផងដែរ។
សូមរំលឹកថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១ រវាងព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ឆ្នាំ១៩៥៥ ប្រទេសឥណ្ឌូនេស៊ី និងការបំពេញទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ ក្នុងអំឡុងឆ្នាំ១៩៥៦ ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារឧបសគ្គជាច្រើន ដើម្បីដឹកនាំប្រទេស និងប្រជាជនឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។
ទន្ទឹមនេះការរីកចម្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាព ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោកទៀតផង។ ជាក់ស្តែងក្នុងក្របខណ្ឌតំបន់ ប្រទេសចិន បានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» បង្កើត «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះឈ្នះ» រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ តាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត។
ក្នុងឱកាសនោះ សាកលវិទ្យាល័យ CUS បានចុះអនុស្សារណៈយោគយល់ ជាមួយសាកលវិទ្យាល័យ North China University of Water Resources and Electric Power សាកលវិទ្យាល័យ Guangxi University of Finance and Economics និងមហាវិទ្យាល័យ Wuhan Railway Vocational College of Technology តាមការអញ្ជើញរបស់លោកស្រី YANG LIPING, General Manager of Guangxi Hansi Education Investment Co., Ltd.។
ពិធីចុះអនុស្សារណៈយោគយល់ ដើម្បីផ្តើមកិច្ចសហប្រតិបត្តិការរួមគ្នាលើវិថីនៃការអប់រំនេះ បានប្រារពធ្វើឡើងរវាងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យទាំងបី នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី១៥ នាទីក្រុងណាននីង។
ឆ្លៀតឱកាសនោះ ក្រោយពេលចូលរួមពិព៌រណ៍បានបញ្ចប់ ប្រតិភូបានទៅទស្សនា និងសិក្សាស្វែងយល់ដកបទពិសោធន៍ពីការរីកចម្រើន និងស្ថានភាពសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅទីក្រុងសៀងហៃ ប្រទេសចិនទៀតផង ហើយបានស្វែងយល់ឃើញថា ទីក្រុងសៀងហៃពិត ជាទីក្រុងទំនើប មានការរីកចម្រើន និងការអភិវឌ្ឍខ្លាំង ចំណែកឯប្រទសកម្ពុជា-ចិន ដោយសារភាពជាមិត្តភាពជាប្រពៃណីបានធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរ មានភាពយោគយល់គ្នា និងមានទំនាក់ទំនងល្អប្រសើរជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។
CUS ជាសាកលវិទ្យាល័យធំមួយ ក្នុងចំណោមសាកលវិទ្យាល័យធំៗ នៅកម្ពុជា ដែលមានទីតាំង និងសាខាច្រើនដែលមាន២ទីតាំង នៅរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៦ រួមមាន ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត ព្រមទាំងបាននឹងកំពុងមានការនិយមខ្ពស់ ពីសំណាក់អ្នកសិក្សា។
កន្លងមកសាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការ និងបានចុះអនុស្សារណៈយោគយល់ ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសសរុបចំនួន៥២ មកពីប្រទេសចិនចំនួន១១, កូរ៉េខាងត្បូង ចំនួន១៤, ជប៉ុនចំនួន១, ថៃចំនួន៧, អង់គ្លេសចំនួន១, ហ្វីលីពីនចំនួន១២, បង់ក្លាដេស ចំនួន១, ម៉ាឡេស៊ីចំនួន១, ឥណ្ឌាចំនួន២, អាឡឺម៉ង់ចំនួន១, វៀតណាមចំនួន១ និងអ៊ីស្រាអែលចំនួន១។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិត ទៅសិក្សានៅក្រៅប្រទេស ព្រមទាំងបានទទួលនិស្សិតបរទេសមកផ្លាស់ប្តូរការសិក្សាជាមួយនិស្សិត CUS ផងដែរ។
ជាការពិតសមិទ្ធផល ដែលសាកលវិទ្យាល័យសម្រេចបានមកដោយសារការខិតខំប្រឹងប្រែងរួមគ្នា របស់គណៈគ្រប់គ្រង បុគ្គលិក និងសាស្ដ្រាចារ្យ ដោយមានការគាំទ្រយ៉ាងសកម្ម ពីសំណាក់សប្បុរសជន អាណាព្យាបាល និស្សិត ក្រុមហ៊ុន និងអង្គភាព-ស្ថាប័ន ដៃគូសហប្រតិបត្តិការទាំងអស់របស់ខ្លួន។
ជាពិសេសជាងនេះទៅទៀត កម្ពុជាក្រោមការដឹកនាំ និងយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញប្រកប ដោយស្ថិរភាពនយោបាយ សេដ្ឋកិច្ចមានការរីកដុះដាល និងមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស គឺបន្តរក្សាចំណងមិត្តភាពកម្ពុជា-ចិន រវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក៏ដូចជារវាងប្រជាជាតិ និងប្រជាជាតិឲ្យបានកាន់តែល្អប្រសើរ និងស្និទ្ធស្នាលបន្ថែមទៀត៕