(ភ្នំពេញ)៖ ដើម្បីបង្កលក្ខណៈងាយស្រួល និងសន្សំសំចៃពេលវេលា ដល់ប្រតិបត្តិករដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មការវាយតម្លៃផ្តល់ចំណាត់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច) បានរៀបចំប្រព័ន្ធអនឡាញមួយ សម្រាប់ឲ្យម្ចាស់សណ្ឋាគារ អាចដាក់ពាក្យស្នើសុំវាយតម្លៃ ចំណាត់ថ្នាក់បានតាមអនឡាញ។
តាមរយៈប្រព័ន្ធអនឡាញនេះ ប្រតិបត្តិករទេសចរណ៍ ដែលមានបំណងស្នើសុំ ឬបន្តចំណាត់ថ្នាក់សណ្ឋាគារ អាចបំពេញពាក្យស្នើសុំ និងបញ្ចូលឯកសារ (Upload) ឬទិន្នន័យចាំបាច់នានា ចូលក្នុងប្រព័ន្ធជាការស្រេច។
ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ តាមប្រព័ន្ធអនឡាញនេះ ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ ក្នុងកិច្ចប្រជុំត្រីមាសទី៣ ឆ្នាំ២០១៨ ទិសដៅត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការរៀបចំប្រព័ន្ធចំណាត់ថ្នាក់ សណ្ឋាគារតាមប្រព័ន្ធអនឡាញនេះ គឺជាផ្នែកមួយនៃការអនុវត្ត មុំយុទ្ធសាស្ត្រស្តីពី Smart Tourism របស់កម្ពុជា។
យោងតាមលោក ណេប សាមុត ប្រធានគណៈកម្មការវាយតម្លៃ (គ.រ.ច) បានឱ្យដឹងថា ប្រតិបត្តិករសណ្ឋាគារ និងសេវាកម្មស្នាក់នៅ ទេសចរណ៍ចូលរួមប្រើប្រាស់ប្រព័ន្ធអនឡាញ www.cambodiatourismrating.org នេះ ដោយគ្រាន់តែបង្កើតគណនី និងអនុវត្តតាមរបៀបប្រើប្រាស់ ដូចមានការណែនាំក្នុង Spot ពន្យល់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខាធិការដ្ឋាន គ.រ.ច ដែលមានទីតាំងនៅទីស្តីការក្រសួងទេសចរណ៍ អាសយដ្ឋានដីឡូតិ៍លេខ៣A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈអ៊ីម៉ែល [email protected] ; [email protected] និងលេខទូរស័ព្ទ 081 974 339៕