(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ បានក្រើនរំឭក ឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណបណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត និងសំបុត្រមរណភាពជាដើម ។
លោក ម៉ម ប៊ុននាង បន្ថែមថា មន្ត្រីអនុវត្តការងារទាំងអស់គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ជាពលរដ្ឋឡើយ ដូច្នេះមិនត្រូវទារលុយបន្ថែមពីប្រជាពលរដ្ឋនោះទេ ហើយមន្ត្រីគ្រប់រូបត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងពន្លឿនការងារឱ្យបានឆាប់រហ័ស ទើបអាចឆ្លើយតបទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។
ការលើកឡើងរបស់ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានធ្វើឡើងខណៈលោក អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែ ប្រវែង ២.៥៦៦ម៉ែត្រ ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ ភូមិព្រែកដូង និងភូមិព្រែកដូង២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទូទាំង ឃុំកំពង់ស្វាយ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាពិសេសប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
លោកបានបន្តថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលបង្ហាញអំពីការរីកចម្រើននៃប្រទេសជាតិប្រកបដោយសុខសន្តិភាព និងបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅមូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋ។
ការកសាងផ្លូវនេះគឺមានសារសំខាន់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ កសិករ រឺអាជីវករ អាចដឹកទំនិញបានងាយស្រួល និងសម្រួលដល់ការធ្វើចរាចរណ៍ឱ្យមានភាពងាយស្រួលជាងមុនបន្ថែមទៀត។
លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា ដោយមើលឃើញពីសេចក្តីត្រូវការ និងដើម្បីជាការតបស្នងចំពោះប្រជាពលរដ្ឋដែលបានបន្តគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ឯកឧត្តមបានសាងសង់ផ្លូវ ១ខ្សែ មានបណ្តោយ ២៥៦៦ ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មមិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ ភូមិព្រែកដូង និងភូមិព្រែកដូង២។
លោកបានបន្ថែមថា មានតែរាជរដ្ឋាភិបាលនាបច្ចុប្បន្នតែមួយប៉ុណ្ណោះ ដែលបានផ្សារភ្ជាប់រួមសុខ រួមទុក្ខជានិច្ចជាមួយប្រជាជន និងថែរក្សាសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងបូរណភាពទឹកដីពេញលេញប្រកបដោយមោទនភាព។ ជាពិសេសបន្តអភិវឌ្ឍប្រទេសឱ្យមានការរីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក ភ្លើងអគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ និងវត្តអារាម។ល។
លោក ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំពង្រឹងសាមគ្គីភាពជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឱ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស អភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចបានកំណើនក្នុងរង្វង់៧%ក្នុង១ឆ្នាំ ប្រកបដោយចីរភាព បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌ និងកាត់បន្ថយអត្រាភាពក្រីក្រឱ្យបានជាង១%ក្នុង១ឆ្នាំ ផ្តល់សេវាសាធារណៈនៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួលរក្សាសុវត្ថិភាពឃុំ សង្កាត់ឱ្យបានល្អ និងរឹងមាំ។
សូមបញ្ជាក់ថា ចំពោះការចំណាយថវិកាក្នុងក៏សាងសាងសង់ផ្លូវ ១ខ្សែ មានបណ្តោយ ២៥៦៦ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មមិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ ភូមិព្រែកដូង និងភូមិព្រែកដូង២ ព្រមទាំងបាននាំយកសារ៉ុងមកចែកជូនប្រជាពលរដ្ឋចំនួន ១៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុងចំនួន០១ នាពេលនេះ ត្រូវបានចំណាយថវិកាសរុបចំនួន ៤៨.២៥០.០០០ រៀល។
ក្រោយពីបញ្ចប់ពិធីសម្ពោធផ្លូវរួចមក ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះត្រួតពិនិត្យ និងត្រៀមសាងសង់ផ្លូវមួយខ្សែបន្ថែមទៀត ដែលមានបណ្តោយ១៥០៥ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មមិចកម្រាស១តឹក ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ដែលសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ៕