(កំពង់ស្ពឺ)៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ក្នុងការយកចិត្តទុកដាក់របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋគ្រប់រាជធានី និងខេត្ត ទូទាំងប្រទេសកម្ពុជា ហើយការងារមនុស្សធម៌នេះត្រូវបានប្រជាពលរដ្ឋជាច្រើនមានការស្រឡាញ់ពេញចិត្ត រួមនិងបានលើកកម្ពស់វិស័យសុខាភិបាលមួយសម្រាប់កម្ពុជាផងដែរ។
លោកទេសរដ្ឋមន្ត្រី ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ប្រមាណជិត៤០០នាក់ ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តស្រះស្រង់ ភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន៥,៦៥២នាក់។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានបញ្ជាក់យ៉ាងដូច្នោះថា «ខ្ញុំមើលឃើញការងាររបស់ពួកគាត់ (ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី) ពិតជាមានការយកចិត្តទុកដាក់ខ្ពស់ ខ្ញុំកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្នុងការងារសប្បុរសធម៌មួយនេះ ដែលបានចុះទៅព្យាបាលជូនប្រជាពលរដ្ឋនៅគ្រប់ទូទាំងរាជធានី និខេត្ត»។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា បើតាមការសង្កេតរបស់លោកនោះគឺ មានប្រជាពលរដ្ឋដែលមកព្យាបាលនៅតាមបណ្តាភូមិ ឃុំ និងស្រុក គឺប្រជាពលរដ្ឋទាំងអស់នោះពិតជាមានការសប្បាយរីករាយខ្លាំងណាស់។ សម្រាប់ការព្យាបាលរបស់ក្រុមការងារស្ម័គ្រចិត្តទាំងអស់ គឺមានការយកចិត្តទុកដាក់ខ្ពស់ ទាំងសម្តីទៅលើអ្នកជំងឺ សុជីវធម៌ ធ្វើឲ្យប្រជាពលរដ្ឋគាំទ្រ និងចូលចិត្ត ទង្វើដ៏ល្អមួយនេះ។
លោកបន្តទៀតថា «ទម្ទឹមនេះទៅទៀតនោះគឺក្រុមគ្រូពេទ្យក៏ដូចជាវេជ្ជបណ្ឌិត សុទ្ធតែមានជំនាញខ្ពស់ៗ និងមានបទពិសោធន៍ ដែលទំនុកចិត្តជូនប្រជាពលរដ្ឋរបស់យើងក្នុងការពិនិត្យ អាចនិយាយបានថា មានដំណើរការត្រឹមត្រូវ បច្ចេកទេសខ្នាតរបស់គេ»។
សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បង្កើតឡើងនាថ្ងៃទី២ ធ្នូ ឆ្នាំ២០១២ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ។
ជាមួយគ្នានោះដែរ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក៏បានណែនាំឲ្យប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅរដូវការនេះ និងចង់ឲ្យប្រជាពលរដ្ឋនៅតាមទីជនបទ និងដាច់ស្រយ៉ាង គួរមានថ្នាំសង្កូវនៅនឹងជាប់ខ្លួន មុនពេលដែលបញ្ហាសុខភាព មិនទាន់ឈានចូលមកដល់ ហើយបញ្ហាសុខភាពនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះខ្លួនឯង និងសង្គមជាតិទាំងមូល។
លោកបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
តាមរបាយការណ៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ាន បានបង្ហាញថា ការព្យាបាលនេះសម្រេចបាន៖ ជំងឺកុមារ១៩៧នាក់, ជំងឺស្រ្តី១៣៩នាក់, ជំងឺផ្លូវចិត្ត១៧២នាក់, ជំងឺឫសដូងបាត២០៣នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៨៦នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១២៦នាក់, ជំងឺភ្នែក៩៣នាក់, ជំងឺសើរស្បែក១០៦នាក់, ជំងឺទឹកនោមផ្អែ២១៧នាក់, ជំងឺមាត់ធ្មេញ៩៤នាក់, អេកូសាស្ត្រ៩៤នាក់ ព្យាបាលរបួសនិងវះកាត់តូច៤៣ និងជំងឺទូទៅ៣,៩៣៨នាក់ ។
អ្នកស្រី ស៊ិន ឃឿន មានវ័យ៦៣ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើកឡើងថា លើកទី១ក្នុងជីវិតហើយ គាត់ទើបតែទទួលបានការព្យាបាលជំងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គចិត្តរបស់ លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ត្រប្រចាំខេត្តកំពង់ស្ពឺ។
លោកស្រីបន្តថា «សកម្មភាពនេះធ្វើឲ្យខ្ញុំនឹកថា នេះគឺជាការលះបង់របស់កូនសម្ដេច ហ៊ុន សែន។ ខ្ញុំសប្បាយចិត្តណាស់ ដែលមើលជំងឺដោយមិនអស់លុយ»។
លោក កង ហយ ពលរដ្ឋម្នាក់ទៀត រស់នៅស្រុកសំរោងទង ខេត្តកំពងស្ពឺ ដែលមានអាការៈរោយ-ក និងរលោកក្រពះនោះ បានបង្ហាញអារម្មណ៍រីករាយ ក្រោយទទួលបានសេវាព្យាបាលជំងឺដោយគិតថ្លៃនេះ។
លោក កង ហយ បានបន្តថា «ខ្ញុំមិនដែលទទួលបានការមើលជំងឺអត់យកលុយបែបនេះពីមុនមកទេ។ ខ្ញុំអរគុណក្មួយៗ (ក្រុមគ្រូពេទ្យ) ណាស់ ដែលចុះមកព្យាបាលជំងឺខ្ញុំនៅពេលនេះ។ ហើយក៏អរគុណក្មួយ ហ៊ុន ម៉ានី ដែលត្រូវជាកូនសម្ដេចផងដែរ»។