(ភ្នំពេញ)៖ បុរស-នារីដែលមានគោលបំណងរៀបអាពាហ៍ពិពាហ៍បង្កើតជាគ្រួសារមួយ គឺផ្តើមចេញសេចក្តីស្រលាញ់របស់អ្នកទាំងពីរ បន្ថែមពីនេះគោលបំណងចំបងមួយទៀត នៃអាពាហ៍ពិពាហ៍ គឺការបង្កើតកូនសម្រាប់បន្តវង្សត្រកូល។ ប៉ុន្តែគ្រប់គ្រួសារទាំងអស់មិនប្រាកដថា នឹងអាចសម្រេចបាននូវគោលបំណងក្នុងការបង្កើតកូនបន្តពូជពង្សបាននោះទេ ដែលបញ្ហានេះភាគច្រើនកើតចេញពីកត្តាវេជ្ជសាស្រ្ត។ ក្នុងករណីដែលប្តីប្រពន្ធនៃគ្រួសារមួយមិនអាចបង្កើតកូនដោយខ្លួនឯងបាន ពួកគេអាចស្វែងរកសុំកូនរបស់អ្នកដទៃ ឬ កូនរបស់សាច់ញាតិខ្លួនឯងមកចញ្ចឹមបាន ដែលសកម្មភាពនៃការសុំកូននេះ ក្នុងច្បាប់ត្រូវបានហៅថា «ការស្មុំកូន»។
ដើម្បីឲ្យយល់កាន់តែច្បាស់អំពី «ការស្មុំកូន» ថាតើការស្មុំកូនអាចធ្វើឡើងតាមវិធីណាខ្លះ និងត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ? កម្មវីធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ក្នុងសប្តាហ៍នេះសូមលើកយកប្រធានបទស្តីពី «ការស្មុំកូន» មកធ្វើការបកស្រាយដូចតទៅ៖
«ការស្មុំកូន» គឺជាការសុំកូនរបស់អ្នកដទៃមកចិញ្ចឹមដោយស្របច្បាប់ និងបង្កើតទំនាក់ទំនងញាតិរវាងពួកគេ ពោលគឺធ្វើឲ្យទំនាក់ទំនងញាតិរវាងឪពុកម្តាយចិញ្ចឹម និងកូនចិញ្ចឹម ដូចគ្នាទៅនឹងឪពុកម្តាយនិងកូនបង្កើតដែរ ។ គោលបំណងនៃការស្មុំកូនគឺធ្វើឡើងសម្រាប់៖
* អ្នកដែលគ្មានទាយាទស្នងអាជីវកម្ម ត្រូវរកទាយាទស្នងបានតាមរយៈការស្មុំកូន
* អ្នកដែលគ្មានទាយាទស្នងមរតក៌ ឬសន្តតិកម្មទ្រព្យសម្បត្តិជាអាទិ៍ ត្រូវរកទាយាទស្នងបានតាមរយៈការស្មុំកូន
* អ្នកដែលអសមត្ថភាពគ្មានកូន ត្រូវការកូនដើម្បីអាចផ្តល់អាហារកិច្ច ឬមើលថែខ្លួននៅពេលចាស់ទៅ
* រកឪពុកម្តាយសម្រាប់កុមារកំព្រា ឬកុមារដែលខ្វះការថែរក្សា ឬការយកចិត្តទុកដាក់ពីឪពុកមា្តយបង្កើត......។ល។
អនុលោមតាមក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន បានបើកផ្លូវដល់អ្នកដែលមានបំណង “ស្មុំកូន” ឬ “សុំកូនគេមកចិញ្ចឹមដោយស្របច្បាប់” អាចធ្វើឡើងតាមរូបភាព ០២ (ពីរ) គឺ៖ (១).ការស្មុំកូនពេញលេញ និង (២).ការស្មុំកូនធម្មតា។
(១)៖ ការស្មុំកូនពេញលេញ៖ គឺជាការសុំកូនរបស់អ្នកដទៃយកមកចញ្ចឹមដោយស្របច្បាប់ និងធ្វើឡើងតាមផ្លូវតុលាការ ដោយទាមទារឲ្យផ្តាច់ទំនាក់ទំនងញាតិ និងទំនាក់ទំនងគតិយុត្តិ រវាងឪពុកម្តាយបង្តើត និងញាតិសន្តានរបស់កូនសុំនោះទាំងស្រុង ដើម្បីបង្កើតឲ្យមាននូវទំនាក់ទំនងញាតិ និងទំនាក់ទំនងគតិយុត្ត រវាងឪពុកម្តាយចិញ្ចឹម និងកូនសុំនោះវិញ។ ការណ៍ដែលធ្វើបែបនេះ គឺដើម្បីឲ្យទំនាក់ទំនងរបស់ឪពុកម្តាយចិញ្ចឹម និងកូនសុំនោះ ដូចគ្នាទៅនឹងទំនាក់ទំនងឪពុកម្តាយ និងកូនបង្កើតដែលច្បាប់បានទទួលស្គាល់ ។ គោលបំណងនៃការស្មុំកូនពេញលេញខាងលើនេះ គឺធ្វើឡើងដើម្បីផ្តល់នូវគ្រួសារមួយ ដែលមានឪពុកម្តាយមានជីវភាពសមរម្យ និងអាចផ្គត់ផ្គង់គ្រប់គ្រាន់ដល់កុមារអភ័ព្វ (កូនសុំ) និងដើម្បីផលប្រយោជន៍កុមារដែលខ្វះការថែរក្សា ខ្វះការយកចិត្តទុកដាក់ពីឪពុកមា្តយបង្កើត ឬឪពុកមា្តយបង្កើតមានជីវភាពក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការមើលថែរក្សាកូនបាន ឬ ដោយសារស្ថានភាពណាមួយ ដូចជាបញ្ហាវិបត្តិស្មារតី ឬ ពិការភាពជាដើម.....។ ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីស្មុំកូនពេញលេញ៖
* ឪពុក-ម្តាយចិញ្ចឹម ត្រូវតែមានសហព័ទ្ធ(ប្តី/ប្រពន្ធស្របច្បាប់) និងត្រូវមានឆន្ទះព្រមព្រៀងគ្នាក្នុងការស្មុំកូន
* ឪពុក¬-ម្តាយចិញ្ចឹម ត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ ហើយត្រូវមានអាយុច្រើនជាង “កូនសុំ” យ៉ាងតិច ២០ឆ្នាំ
* ជាគោលការណ៍ “កូនសុំ” ត្រូវតែជាអនីតិជន ដែលមានអាយុតិចជាង ៨ឆ្នាំ
* ត្រូវមានការយល់ព្រមពីឪពុកម្តាយបង្កើត ឬ អាណាព្យាបាលរបស់ «កូនសុំ» ប៉ុន្តែប្រសិនបើឪពុកម្តាយបង្កើតមិនអាចបង្ហាញឆន្ទះបាន ឬ ករណីដែលឪពុកម្តាយបង្កើតនោះបានបោះបង់កូនចោលដោយគំនិតទុច្ចរិត ឬ ហេតុផ្សេងៗទៀត ដែលបំពានផលប្រយោជន៍កុមារដែលនឹងក្លាយជាកូនសុំនោះ គឺមិនចាំបាច់មានការយល់ព្រមពីឪពុកម្តាយបង្កើតរបស់ «កូនសុំ» នោះឡើយ។
* មូលហេតុនៃការស្មុំកូនពេញលេញ ត្រូវតែនៅក្នុងករណីដែលស្ថានភាពរបស់កុមារ (កូនសុំ) មានការពិបាកខ្លាំង និងបានជាប្រយោជន៍របស់កុមារដែលនឹងក្លាយជាកូនសុំនោះ ។
* ការសាកល្បងចិញ្ចឹមកុមារដែលនឹងក្លាយជាកូនសុំនោះ រយៈពេល ០៦ (ប្រាំមួយ) ខែ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចសេចក្តីរបស់តុលាការ ។
បន្ទាប់ពីមានលក្ខខណ្ឌដូចរៀបរាប់ខាងលើនេះហើយ ឪពុក-ម្តាយចិញ្ចឹម ត្រូវតែមានឆន្ទៈសហការគ្នា និងព្រមព្រៀងដាក់ពាក្យសុំទៅកាន់តុលាការនៃទីលំនៅរបស់ឪពុកម្ដាយចិញ្ចឹមនោះ ដើម្បីឲ្យតុលាការចេញដីកាសម្រេចបង្កើតស្មុំកូនពេញលេញ ។
(២)៖ ការស្មុំកូនធម្មតា៖ គឺជាការបង្កើតទំនាក់ទំនងញាតិរវាងកូនអ្នកដទៃ និងឪពុកម្តាយចិញ្ចឹមដែលបានសុំកូនអ្នកដទៃនោះយកមកចិញ្ចឹមបីបាច់ថែរក្សាដូចជាកូនរបស់ខ្លួនឯង បង្កើតតាមផ្លូវតុលាការ ប៉ុន្តែការស្មុំកូនធម្មតានេះមិនបានធ្វើឲ្យផ្តាច់ទំនាក់ទំនងញាតិរវាងឪពុកម្តាយបង្កើត និងកូនសុំនោះទេ ពោលគឺទំនាក់ទំនងញាតិរបស់ពួកគេនៅតែបន្តអត្ថិភាព នាំឲ្យពួកគេមានសិទ្ធិទាមទារ និងករណីយកិច្ចផ្គត់ផ្គង់អាហារកិច្ចគ្នាទៅវិញទៅមក ។ ជាងនេះទៅទៀតកូនសុំនោះនៅតែជាសន្តតិជន (ទាយាទ) មានសិទ្ធិទទួលបានមរតក៌ របស់ឪពុកម្តាយបង្កើតរបស់គេដដែល ។ ទន្ទឹមនឹងនេះកូនសុំក៏មានសិទ្ធិទទួលសន្តតិកម្មពីឪពុកម្ដាយចិញ្ចឹមផងដែរ។ ខាងក្រោមនេះជាលក្ខខណ្ឌដើម្បីស្មុំកូនធម្មតា៖
* ឪពុកម្តាយចិញ្ចឹម អាចនៅលីវ ឬមានសហព័ទ្ធ (ប្តី-ប្រពន្ធស្របច្បាប់)
* ឪពុក-ម្តាយចិញ្ចឹម ត្រូវមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅ
* កូនសុំ អាចជាអនីតិជន ឬ នីតិជន ប៉ុន្តែមិនត្រូវជាបុព្វញាតិ ឬ មានអាយុច្រើនជាងឪពុក-ម្តាយចិញ្ចឹមឡើយ
* កូនសុំ ជាអនីតិជន ត្រូវមានការយល់ព្រមពីឪពុក/ម្តាយបង្កើត ឬអ្នកមានអំណាចមេបា ឬអាណាព្យាបាល ។
បន្ទាប់ពីមានលក្ខខណ្ឌដូចរៀបរាប់ខាងលើនេះហើយ ឪពុក-ម្តាយចិញ្ចឹម និងកូនសុំ ត្រូវមានឆន្ទៈដូចគ្នា និងព្រមព្រៀងដាក់ពាក្យសុំជាមួយគ្នា ទៅកាន់តុលាការនៃទីលំនៅរបស់ កូនសុំនោះដើម្បីឲ្យតុលាការចេញដីកាសម្រេចបង្កើតស្មុំកូនធម្មតា។ ប៉ុន្តែបើកូនសុំជាអនីតិជន ឪពុក-ម្តាយចិញ្ចឹមត្រូវដាក់ពាក្យសុំជាមួយអ្នកមានអំណាចមេបា ឬអាណាព្យាបាល នៃកូនសុំនោះ ទៅកាន់តុលាការនៃទីលំនៅរបស់កូនសុំ។ អ្នកដាក់ពាក្យសុំមិនចាំបាច់ត្រូវតែជាអ្នកមានសហព័ទ្ធ (ប្ដី-ប្រពន្ធស្របច្បាប់) នោះទេ ពោលគឺបុរស ឬនារីដែលនៅលីវ ក៏អាចក្លាយជាឪពុក ឬ ម្ដាយចិញ្ចឹមបានដែរ ប៉ុន្តែចំពោះអ្នកមានសហព័ទ្ធ (ប្ដី-ប្រពន្ធស្របច្បាប់) ប្រសិនបើមានតែសហព័ទ្ធម្ខាងដែលចង់បានកូនចិញ្ចឹមនោះ អានុភាពមានតែចំពោះតែអ្នកដែលបានដាក់ពាក្យសុំតែប៉ុណ្ណោះ។
យ៉ាងណាមិញការសុំកូនអ្នកដទៃយកមកចិញ្ចឹមដោយស្របច្បាប់ ដែលយើងហៅថាការស្មុំកូននេះ ត្រូវតែធ្វើឡើងតាមផ្លូវតុលាការ ដូច្នេះការដែលចង់រំលាយការស្មុំកូននេះវិញ ក៏ត្រូវធ្វើឡើងតាមរយៈការកាត់កាលតាមផ្លូវតុលាការ ដូចគ្នាផងដែរ។
សូមបញ្ជាក់ផងដែរថាចំពោះជនបរទេស ដែលមានបំណងសុំកុមារកម្ពុជាទៅចិញ្ចឹម គឺត្រូវបំពេញតាមលក្ខខណ្ឌដោយឡែក (ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស)។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាវី លីដា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ