(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ រួមដំណើរដោយ លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារជាច្រើនរូបទៀត បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្តម្ភដល់គ្រួសារក្រីក្រ១គ្រួសារ ដែលកំពុងជួបបញ្ហាលំបាក ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
អំណោយនេះត្រូវបានផ្ដល់ជូន អ្នកស្រី គិន រ៉េន អាយុ៦០ឆ្នាំ ជាស្រីមេម៉ាយ មានកូន៨នាក់ និងចៅ១០នាក់ក្នុងបន្ទុក ហើយមានកូនខ្លះមានជំងឺប្រចាំកាយផងដែរ កំពុងជួបបញ្ហាលំបាក់ជាខ្លាំង និងកង្វះជីវភាព ដោយសារតែគ្រួសារមួយនេះ មានសមាជិកច្រើនតែជាមនុស្សតូចៗ មិនមានលទ្ធជួយទ្រង់គ្រួសារបាន និងមិនមានអ្នកជំហររឹងមាំប្រចាំគ្រួសារនោះដែរ។
លោក ហែម ដារិទ្ធិ ក្នុងនាមមន្រ្តីមនុស្សធម៌ខណ្ឌ និងជាអាណាព្យាបាលប្រចាំមូលដ្ឋានបានសម្តែងក្តីអាណិតអាសូរ ចំពោះគ្រួសារក្រីក្រមួយនេះ និងបានលើកឡើងថា អំណោយថ្ងៃនេះជាអំណោយសង្រ្គោះ មិនមែនអំណោយអចិន្ត្រៃយ៍ប្រចាំខែ ឆ្នាំនោះទេ តែអាចជួយមួយគ្រា ដូច្នេះលោកបានណែនាំឲ្យប្រឹងប្រែងបន្តទៀត ក្នុងការរកកម្រៃចិញ្ចឹមគ្រួសារ។
ប្រធានកិត្តិយសអនុសាខាកាកបាទក្រហម និងជាអភិបាលខណ្ឌរូបនេះ បានផ្តាំទៅបងប្អូនដទៃៗទៀត ក្នុងស្ថានភាពជីវភាពក្រលំបាក មិនគួរណាបណ្តោយឲ្យមានកូនច្រើននោះទេ សម័យនេះគេជឿនលឿនណាស់ គេអាចប្រើថ្នាំពន្យាកំណើតបាន បើយើងមិនចង់បានកូន ដូចនេះសូមផ្តាំទៅក្មួយៗទាំងអស់ កុំបណ្តោយខ្លួនឲ្យមានកូនច្រើនពេក វានាំឲ្យជួបបញ្ហាច្រើនក្នុងជិវិតរស់នៅ។
ជាមួយនេះ លោកអភិបាល សូមឲ្យបងស្រី និងក្មួយៗទាំងអស់ត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យឲ្យបានល្អ ដោយពិនិត្យឃើញថា ទាំងលំនៅឋាន ខ្លួនប្រាណ និងចំណីអាហារ ព្រោះក្នុងស្ថានភាពលំនៅឋានដែលមិនសូវមានសុវត្ថិភាព និងជីវភាពជួបការខ្វះខាតបែបនេះ អាចប្រឈមនឹងជំងឺផ្សេងៗ ចូលមកយាយីមិនលែងឡើយ។
អំណោយដែលអនុសាខាយកទៅឧបត្ថម្ភនោះ ក្នុងឱកាសនោះរូមមាន អង្ករចំនួន៣បាវ, គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខទៀត ព្រមទាំងថវិកាចំនួន៦៤ម៉ឺនរៀល៕