(ចិន)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកពីភាពវិជ្ជមានក្នុងការចូលមកវិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ​​ ក្នុងនោះលោកបានលើកពីការចូលមកវិនិយោគ លើវិស័យធនាគារលំដាប់អន្ដរជាតិរបស់ចិនដែលជាការរួមចំណែក ក្នុងការផ្ដល់ប្រភពទុន ចំពោះកម្ពុជា។

ការលើកឡើងបែបនេះ របស់លោកអគ្គទេសាភិបាលធនាគារជាតិ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ និងពិពណ៌អាស៊ាន-ចិនលើកទី១០ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការអាស៊ាន-ចិននៅក្នុងយុគសម័យថ្មី ការបើកទូលាយនិងនវានុវត្តន៍ នៅទីក្រុងណានីង នៃតំបន់ស្វ័យ Guangxi ប្រទេសចិន»

សន្និសីទ និងពិពណ៌អាស៊ាន-ចិន ត្រូវបានរៀបចំឡើងប្រចាំឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ក្នុងវិស័យនានា រួមមានវិស័យហិរញ្ញវត្ថុ។

លោក អគ្គទេសាភិបាល បានគូសបញ្ជាក់ពីសារសំខាន់ និងអត្ថប្រយោជន៍នៃ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន និយាយដោយរួមកម្ពុជា-ចិន និងនិយាយដោយឡែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងកម្ពុជានារយៈពេលកន្លងមក។

លោកបានបញ្ជាក់ទៀតថា «បច្ចុប្បន្នការវិនិយោគរបស់ចិន និងភ្ញៀវទេសចរចិន មានចំណាត់ថ្នាក់ទី១នៅកម្ពុជា។ ចិនជាប្រទេស ដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដោយឡែកនិយាយពីការនាំចូល ចិននាំចូលមកកម្ពុជាមានប្រមាណ៣០% ចំណែកឯវិស័យធនាគារ ធនាគារចិនលំដាប់អន្តរជាតិ កំពុងមានវត្តមាននៅកម្ពុជា និងកំពុងរួមចំណែកក្នុងការផ្តល់ប្រភពទុន ចំពោះវិស័យឯកជននៅកម្ពុជា»

លោកបន្ថែមថា វិនិយោគិនចិនបានរួមចំណែក ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ក្នុងនោះបានប្រើប្រាស់សេវា ទូទាត់ជាច្រើនរួមមាន៖ Alipay, WeChat Pay, និង Union Pay ដែលបានលើកម្ពស់ប្រសិទ្ធភាពទូទាត់ និងសម្រួលការទូរទាត់ ពិសេសសម្រាប់ទេសចរចិន។

លោកក៏បានបញ្ជាក់ពី កិច្ចគាំទ្ររបស់ធនាគារជាតិនៃកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ជាពិសេសកម្ពុជា-ចិន នាពេលខាងមុខ។ ​

ជាមួយគ្នានោះ លោកអគ្គទេសាភិបាល បានចូលរួមជាសាក្ខីភាព ក្នុងកម្មវិធីចុះហត្ថលេខា សម្រាប់ពង្រឹងវិស័យធានារ៉ាប់រង និងវិស័យធនាគារកម្ពុជា-ចិន ការចុះហត្ថលេខារវាងក្រុមហ៊ុន China reinsurance Group និងក្រុមហ៊ុន Cambodia Reinsurrance Company ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យធានារ៉ាប់រង ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ និងជាសក្ខីភាពនៃការចុះហេត្ថលេខា រវាងធនាគារ Gulin ប្រទេសចិន និងធនាគារកាណាឌីយ៉ាកម្ពុជាផងដែរ៕

http://image.freshnewsasia.com//fn-2018-09-16-10-49-09-4.JPG