(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដទាំងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន រេចង្កូតទៅបុកជាមួយក្បាលនាគ ពុះទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងាជើងច្រង៉ាង តែសំណាងល្អអ្នកបើកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង០០៖២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចគល់ស្ពានក្រោមដីស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឃើញនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាកលុចស៉ីច NX200t ពាក់ស្លាកលេខភ្នំពេញ 2BB-0088 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងផង បានរេចង្កូតទៅបុកជាមួយក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើងច្រង៉ាង កណ្ដាលផ្លូវតែម្ដង និងរងការខូចខាតយ៉ាងដំណំ។ ចំណែកឯអ្នកបើករងរបួសស្រាល បានប្រមូលយកសម្ភារមានតម្លៃ ហើយចេញមកក្រៅ ទាក់ទងទៅសាច់ញាតិ មកដឹកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែង រួចយករថយន្ដបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕