(សៀមរាប)៖ រហូតដល់ព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុ នៃការបាក់អាគារជិតផាប់ស្រ្ទីត នៅខេត្តសៀមរាប ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤នាក់របួសនោះ នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកនេះសមត្ថកិច្ចមិនបានអនុញ្ញាត ឲ្យអ៉ីចស្កាវ៉ាទ័រចូលកាយ កម្ទេចសំណង់ដែលបានបាក់រលំនោះឡើយ ព្រោះអះអាងថា មិនទាន់ធ្វើអត្តសញ្ញាណកម្ម រកមូលហេតុនៃការបាក់រលំឃើញ។ បើតាមសមត្ថកិច្ច ស្ថានភាពនៃអគារនេះ គឺមានសភាពចាស់ ទ្រុឌទ្រោមជាខ្លាំង។
សូមជម្រាបថា នៅយប់ម៉ោងប្រមាណ១៖០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ មានករណីរលំអគារសល់ពីសម័យបារាំង នៅតំបន់ Pub Street ជិតផ្សារចាស់ ខេត្តសៀមរាប បណ្តាលឲ្យកម្មករដែល ធ្វើការក្នុងការដ្ឋានជួសជុលអគារម្នាក់បានស្លាប់ និង៤នាក់រងរបួស។ នេះបើតាមការបញ្ជាក់ពី លោក ហួត សុធី ស្នងការរងនគរបាល ខេត្តសៀមរាប។
ជនរងគ្រោះទាំងនោះរួមមាន៖ ទី១-ឈ្មោះ ឃុំ ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ បានស្លាប់, ទី២-ឈ្មោះ ម៉ុត រី ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសលើភ្នែកឆ្វេង និងជើងឆ្វេង, ៣-ឈ្មោះ ឌី ស្នា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រាល, ទី៤- ឈ្មោះ សល់ សេក ភេទប្រុស អាយុ ២៧ឆ្នាំ របួសបែកចឹញ្ចើមស្តាំ, ៥-ឈ្មោះ មឺ មេត ភេទប្រុស អាយុ៣០ឆ្នាំ របួសបែកក្បាល និងជង្គង់ឆ្វេង។ អ្នកទាំង៥នាក់ខាងលើ រស់នៅភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ក្រោយកើតហេតុកម្មករដែលស្លាប់ ត្រូវបានអាជ្ញាធរប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រណី និងកម្មករ៤ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕