(ម៉ានីល)៖ ព្យុះទីហ្វុង Mangkhut បានវាយប្រហារតំបន់ភាគខាងជើង ប្រទេសហ្វីលីពីន ជាមួយនឹងខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង ដែលបង្កទៅជាគ្រោះរអិលបាក់ដី និងបានបំផ្លាញផ្ទះជាច្រើនខ្នង នៅថ្ងៃសៅរ៍នេះ បានបណ្តាលឲ្យមនុស្ស១២នាក់​ស្លាប់ ស្របពេលដែលទីក្រុងហុងកុង និងផ្នែកផ្សេងទៀត នៃតំបន់ភាគខាងត្បូងប្រទេសចិន បាននឹងកំពុងប្រុងជើងការកម្រិតខ្ពស់ ចំពោះព្យុះដ៏កាចសាហាវនេះ, នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។

នៅទីក្រុងហុងកុង, ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានប្រកាសថា ជើងហោះហើរចេញ និងចូលទាំងអស់ នៅទីក្រុងហុងកុង ត្រូវបានលុបចោល ចាប់ពីម៉ោង២ព្រឹកថ្ងៃសៅរ៍ រហូតដល់ម៉ោង៤ព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។

ព្រមជាមួយគ្នានោះ នៅទូទាំងប្រទេសថៃវិញ ត្រូវបានព្រមានឲ្យមានការត្រៀមទុកជាមុន នូវការកើតមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបង្កឡើងដោយព្យុះ Mangkhut ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃពុធ។

ព្យុះ Mangkhut គឺជាព្យុះទី១៥ នៅក្នុងឆ្នាំនេះ ដែលបានវាយប្រហារហ្វីលីពីន ដែលប្រទេសមួយនេះ តែងតែរងការវាយប្រហារពីព្យុះប្រមាណ២០ ក្នុងរយៈពេលមួយឆ្នាំ ហើយត្រូវបានគេចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះមហន្តរាយបំផុតនៅលើពិភពលោក។

គួររំលឹកដែរថា កាលពីឆ្នាំ២០១៣ ព្យុះទីហ្វុង Haiyan បានបណ្តាលឲ្យមនុស្សប្រមាណ៧,៣០០នាក់ បានស្លាប់ឬក៏បាត់ខ្លួន និងបានធ្វើឲ្យមនុស្សជាង៥លាននាក់ បានភៀសខ្លួន នៅតំបន់កណ្តាលប្រទេសហ្វីលីពីន៕