(ភ្នំពេញ)៖ ការស្ទង់មតិនៅលើទំព័រ Facebook របស់វិទ្យុអាស៊ីសេរីដែលមានរយៈពេល៧ថ្ងៃ ដើម្បីរកចំនួនប្រជាពលរដ្ឋដែលគាំទ្រ និងមិនគាំទ្រ រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង ដោយរកឃើញថា ប្រជាពលរដ្ឋខ្មែរ៩១ភាគរយ បានបោះឆ្នោតគាំទ្រ និងមានត្រឹមតែ៩ភាគរយប៉ុណ្ណោះមិនបានគាំទ្រ។
ប៉ុន្ដែអ្វីដែលគេកំពុងងឿងឆ្ងល់នៅពេលនេះ គឺប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដែលតែងតែតាមដាន ស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលផ្សាយពីរដ្ឋធានីវ៉ាស៊ីនតោន មិនបានផ្សាយព័ត៌មានអំពីការស្ទង់មតិរបស់ខ្លួន ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ចុចបោះឆ្នោតគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននោះទេ។
ក្រៅពីការងឿងឆ្ងល់បែបនេះហើយនោះ ប្រជាពលរដ្ឋម្នាក់ឈ្មោះ វណ្ណៈ នៅខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ រាជ រស់នៅខេត្តកំពង់ចាម បាននាំគ្នានិយាយថា «វិទ្យុអាស៊ីសេរីពិតជាកំសាកញី អន់ជាទីបំផុត មិនហ៊ានទទួលស្គាល់ការពិត អំពីលទ្ធផលនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ជាវិទ្យុគ្មានវិជ្ជាជីវៈ គ្មានឯករាជ្យ និងមិនហ៊ានលើកយកការពិតមកនិយាយ ចាំតែបន្ទររឿងបោកប្រាស់តាមក្រុមអ្នកនយោបាយ សម រង្ស៊ី និងបក្សពួក»។
ប្រជាពលរដ្ឋបន្តទៀតថា នេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវអំពើចេតនាដ៏ពិសពុល ពីសំណាក់ឧបករណ៍បំពងសំឡេងញុះញង់របស់បរទេសមួយនេះគឺវិទ្យុអាស៊ីសេរី។
ប្រធានគណបក្សចំនួន២ គឺគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់, គណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត និងអតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានសរសេរលិខិតចំហរ និងប្រកាសទាមទារឲ្យវិទ្យុអាស៊ីសេរី ត្រូវហ៊ានទទួលស្គាល់ការពិត និងគួរមានភាពក្លាហានផ្សព្វផ្សាយអំពីលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីការពិត។
សូមជម្រាបថា ការស្ទង់មតិរបស់វិទ្យុអាស៊ីសេរី ដែលទទួលបានការឧបត្ថម្ភគាំទ្រពីសហរដ្ឋអាមេរិកនេះ បានបញ្ចប់នៅវេលាម៉ោង២៣៖៤៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ មានអ្នកចូលរួមបោះឆ្នោតចំនួនជាង៨ម៉ឺន៧ពាន់នាក់ (87.2K) ក្នុងនោះអ្នកដែលបានបោះឆ្នោតគាំទ្រ មានចំនួន 79K ទទួលស្គាល់ ស្មើនឹង៩១ភាគរយ និងអ្នកដែលមិនបានបោះឆ្នោតគាំទ្រ មានត្រឹមតែ 8K ស្មើនឹង៩ភាគរយប៉ុណ្ណោះ។
លទ្ធផលនៃការស្ទង់មតិនេះ ក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលពលរដ្ឋប្រមាណជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវនាវរបស់ក្រុមប្រឆាំង។ ក្នុងនោះក៏ពលរដ្ឋភាគច្រើនលើសលប់ផងដែរ ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់ របស់គណបក្សប្រជាជនកម្ពុជា បន្តតំណែងនាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ៕