(រតនគិរី)៖ បុរសជនជាតិច្រាយម្នាក់យកកាំបិតចាក់ពោះខ្លួនឯងប៉ង់បញ្ចប់ជីវិត តែមិនស្លាប់ ព្រោះតែការឈឺចិត្តស្អិតបេះដូងរឿងនារីដែលខ្លួនស្រលាញ់បម្រុងយកធ្វើប្រពន្ធ ទៅមានកូនជាមួយប្រុសផ្សេង ហើយមកចោទប្រកាន់ថាមានកូនជាមួយខ្លួន ទាំងខ្លួនមិនបានធ្វើអីបន្ដិចណាសោះ។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិកាជូតលើ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគិរី។ របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ក្លាន ដឺយ អាយុ២១ឆ្នាំ ជនជាតិច្រាយ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិកាជូតលើ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគិរី។
ដើមចមដែលនាំឲ្យបុរសកំសត់ស្នេហ៍គិតខ្លីបែបនេះ ក៏ព្រោះតែខឹងស្រ្ដីដែលខ្លួនស្រលាញ់បម្រុងយកធ្វើជាប្រពន្ធ បែរជាទៅមានកូនជាមួយប្រុសផ្សេង ហើយចោទដាក់ខ្លួនថា កូននៅក្នុងផ្ទៃជាកូនរបស់ខ្លួន ហើយបងប្អូនខាងស្រីបានផាកពិន័យលុយចំនួន ១,០០០ដុល្លារ និងកូនជ្រូក ទើបគាត់សម្រេចចិត្តធ្វើអត្ដឃាតខ្លួនឯងតែម្ដង។
តែទោះជាយ៉ាងណា ក្រោយកើតហេតុភា្លមៗបុរសខាងលើ ត្រូវបានអ្នកភូមិចាប់ឃាត់ និងដឹកយកមកមណ្ឌលសុខភាពស្រុកអណ្ដូងមាស ដោយខាងមណ្ឌលឃើញថា សភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្ដរតនគិរីសង្រ្គោះបន្ទាន់៕