(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋស្នើឲ្យមន្រ្តីមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ ចុះអនុវត្តដីការសម្រេចរបស់តុលាការពាក់ព័ន្ធ នឹងកិច្ចសន្យាលក់ទិញ ដីទំហំ៣២៥០ម៉ែត្រការ៉េ។ ដីនេះមានមូលដ្ឋាន ស្ថិតក្នុងភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារម៉ន ខេត្តកំពង់ស្ពឺ ដែលមានសហម្ចាស់បំណុល (អ្នកទិញ) ឈ្មោះ ភុន ស៊ីថា និងឈ្មោះឡេង តុលា ព្រមទាំងសហកូនបំណុល (អ្នកលក់) ឈ្មោះ សេង សម្បត្តិ រស់ក្នុងខេត្តកំពង់ស្ពឺ និងឈ្មោះ លឹម សំអាត។
ភាគីទាំង៤ និងមន្រ្តីសូរិយោដីខេត្តម្នាក់ ឈ្មោះ ប៊ិន សំបាន ជាសាក្សីផងនោះ បានចុះកិច្ចសន្យាលក់ទិញ ដែលបានផ្តិតមេដៃ ជាភស្តុតាង កាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០១៦ ហើយបានទទួលយកប្រាក់កក់ចំនួន២ដង សរុប១២,០០០ដុល្លារអាមេរិក ខណៈដីនេះមាន មានតម្លៃ៣២,០០០ដុល្លារអាមេរិក។
អ្នកទិញឈ្មោះ លោកស្រី ភុន ស៊ីថា បានបញ្ជាក់ដល់អ្នកសារព័ត៌មានថា ចំពោះករណីខាងលើ តុលាការខេត្ត បានចេញដីការសម្រេចការពារពាក់ព័ន្ធ នឹងកិច្ចសន្យាលក់ទិញនោះ លើការជួលបញ្ចាំ និងផ្ទេសិទ្ធិជាដើម តាំងពីថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៨ តែមន្រ្តីពាក់ព័ន្ធ មិនចុះអនុវត្តដីការនេះទេ។ លោកស្រីបន្តថា នេះហើយជាហេតុនាំឲ្យភាគីអ្នកលក់ក្នុងកិច្ចសន្យា មិនគោរពកិច្ចសន្យាលក់ទិញ ហើយធ្វើតាមអំពើចិត្ត និងលក់ដីទៅឲ្យអ្នកផ្សេង និងចាក់ដីជាច្រើនឡាន។
លោកស្រី ភុន ស៊ីថា ស្នើសុំរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិសេសអភិបាលខេត្តកំពង់ស្ពឺ មេត្តារកយុត្តិធម៌លើករណីខាងលើ ដោយមាន ឯកសារខាងក្រោមជាភស្តុតាង។
សូមជម្រាបថា តុលាការខេត្តកំពង់ស្ពឺ បានចុះអនុវត្តដីកាសម្រេចរក្សាការពារកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ តែភាគីកូនបំណុលនៃការអនុវត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ មិនបានគោរពសេចក្តីសម្រេចរបស់តុលាការនោះទេ គឺនៅតែបន្តការចាក់ដី ឈូសឆាយ នៅលើដីវិវាទនោះដដែល៕