(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត ខេមបូឌា គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ក្នុងរាជធានីភ្នំពេញ ដោយគម្រោងធំៗចំនួន៤ នឹងត្រូវសាងសង់ឡើងនៅលើទីតាំងនេះ។
បើតាមការអោយដឹងពីលោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឲ្យដឹងនៅក្នុងពិធីបញ្ចប់ការសាងសង់ គ្រោងឆ្អឹងអគារ ព្រីនស៍ ម៉ូឌើន ផ្លាហ្សាជាស្ថាពរ នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ នៅតាមបណ្ដាលផ្លូវនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ថាជាចក្ខុវិស័យរបស់ ក្រុមហ៊ុនគឺចង់ប្រែក្លាយទីតាំងតំបន់ក្បាលថ្នល់នេះ អោយក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដ៏ធំមួយក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន នឹងកំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលចេះតែមានកំណើនឥតឈប់ឈរ។
លោកបញ្ជាក់ថា ជាក់ស្ដែងបច្ចុប្បន្ន ក្រុមហ៊ុន បានប្រមូលទិញដីក្នុងទីតាំងតំបន់ស្ពានអាកាសក្បាលថ្នល់នេះ ជាច្រើនម៉ឺនម៉ែត្រការ៉េ រួចរាល់ហើយ ហើយគម្រោងធំៗចំនួន២ ក៏បានលេចជារូបរាងហើយៗដែរ គឺគម្រោងទី១ ឈ្មោះ Prince Central Plaza និងគម្រោងទី២ ឈ្មោះ ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលត្រូវបាន ប្រកាសបញ្ចប់គ្រោងអគារនាថ្ងៃនេះ ផ្ទាល់តែម្តង ចំណែកគម្រោង២ទៀត ក្នុងទីតាំងនេះ នឹងត្រូវបានចាប់ផ្តើម សាងសង់ជាបន្តបន្ទាប់។
លោកបន្ថែមថា ព្រីនស៍ ម៉ូឌើន ផ្លាហ្សា គឺជាគម្រោងអគារបែបពាណិជ្ជកម្ម និងស្នាក់នៅដោយអគារនេះ ត្រូវបានបែងចែកចេញជាពីរ គឺសម្រាប់ធ្វើជាការិយាល័យ និងខុនដូដែលមានបន្ទប់សរុបចំនួន៥៧០យូនីត កម្ពស់២៧ជាន់ ចំណាយទុនវិនិយោគសរុបអស់ ១០០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការនាចុងឆ្នាំ២០១៩នេះ។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងកម្មវិធីបញ្ចប់គម្រោងអគារ ព្រីន ម៉ូឌើន ផ្លាហ្សា ថា វត្តមាននៃគម្រោងធំៗ របស់ក្រុមហ៊ុន ព្រីន ផ្លាហ្សា នៅក្នុងប្រទេសកម្ពុជា ពិតជាបានចួលរួមចំណែកលើកកម្ពស់ការស្នាក់នៅបែបទំនើប ដល់ប្រជាពលរដ្ឋក្នុងទីក្រុង និងឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរចិន ដែលកំពុងមានការកើនឡើងខ្លាំងនៅកម្ពុជា។
បើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី បានបង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់ និងអលនទ្រព្យក្នុងរយៈពេល៥ខែដើម ឆ្នាំនេះ មានទំហំទឹកប្រាក់១៧៨០លានដុល្លារអាមេរិក និងមានគំរោងវិនិយោគចំនួន១៣៧០គំរោង ដែលត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។
គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានវិនិយោគទុនសរុបជាង១២០០លានដុល្លារ ទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា ហើយក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុន នឹងបង្កើនទុនវិនិយោគឱ្យបាន៥០០០លានដុល្លារបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ផងដែរ៕