(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalifef Nutrition កម្ពុជា ត្រូវបានគេទទួលស្គាល់ថា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ បានប្រកាសជាផ្លូវការថា បន្តភាពជាដៃគូអាហាររូបត្ថម្ភ ជាមួយសហព័ន្ធខ្មែរកីឡាហែលទឹក ហើយការបន្តសហការមួយនេះ ធ្វើឡើងដើម្បីពង្រីកការគាំទ្រអាហាររូបត្ថម្ភដល់កីឡាករហែលទឹករបស់កម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ ខែកញ្ញា ឆ្នាំ២០១៩។
ពិធីប្រកាសជាផ្លូវការរវាង ក្រុមហ៊ុន Herbalifef Nutrition និង សហពន្ធ័ខ្មែរកីឡាហែលទឹក ធ្វើឡើងនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន HERBALIFE នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការចូលរួមពី លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក អ្នកស្រី ឈុន ណៃឈីវ នាយកចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition កម្ពុជា និងថ្នាក់ដឹកនាំជាច្រើនាក់ទៀតផងដែរ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានលើកឡើងថា «ជួសមុខឲ្យឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន Herbalife Cambodia ដែលបានឧបត្ថម្ភ នូវអាហារូបត្ថម្ភ Herbalife Nutrition នាពេលកន្លងមក និងបន្តឧបត្ថម្ភបន្ថែមនាពេលនេះ»។
លោកបន្តថា ការឧបត្ថម្ភនេះ បានចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាកម្ពុជា ជាពិសេសវិស័យកីឡាហែលទឹក ដើម្បីឲ្យមានការអភិវឌ្ឍ និងរីកចំរើននាថ្ងៃអនាគត។ ដោយសារព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះកីឡាករ និងកីឡាការនីហែលទឹកកម្ពុជា ត្រូវការហ្វឹកហាត់ត្រៀមខ្លួន ចូលរួមប្រកួតជាចាំបាច់បំផុត ដូចនេះហើយការឧបត្ថម្ភ អាហារូបត្ថម្ភរបស់ក្រុមហ៊ុន Herbalife Nutrition គឺពិតជាមានសារប្រយោជន៏យ៉ាងខ្លាំងដល់កីឡាករ កីឡាការិនីកម្ពុជា នាពេលកន្លងមកផងដែរ។
កម្មវីធីឧបត្ថម្ភអាហាររូបត្ថម្ភ ដែលមានរយៈពេលមួយឆ្នាំ ដោយក្រុមហ៊ុន Herbalife Nutrition នេះ នឹងរួមមានការផ្តល់ផលិតផលអាហាររូបត្ថម្ភរបស់ខ្លួន និងការបណ្តុះបណ្តាលផ្នែកអាហាររូបត្ថម្ភកីឡា ដល់កីឡាករក្នុងសហព័ន្ធ ដើម្បីជួយពួកគេបង្កើនសមត្ថភាព ក្នុងការប្រកួតកីឡាហែលទឹកជាតិ និងអន្តរជាតិ។
លោកស្រី ឈុន ណៃឈីវ នាយកចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition កម្ពុជា ក៏បានលើកឡើងផងដែរថា «ក្រុមហ៊ុន Herbalife Nutrition ឧបត្តមអត្តពលិកលំដាប់ពិភពលោកជាង១៣០ក្រុម ហើយមានក្រុមជំនាញជាង៦០ក្រុម និងគណកម្មការជាតិអូឡាំពិក៥នាក់ និងព្រឹត្តិការណ៍ជាច្រើនទៀត ទូទាំងពិភពលោក ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការលើកកម្ពស់របៀបរស់នៅសកម្ម មានសុខភាពល្អដែលគាំទ្រដោយអាហារូបត្ថម្ភល្អ។ Herbalife Nutrition ជាអ្នកឧបត្តមអាហារូបត្ថម្ភជាផ្លូវការ របស់ជើងឯកកីឡាករបាល់ទាត់លោក Cristiano Ronaldo និងក្រុម LA Galaxy។
ផលិតផល Herbalife Nutrition ត្រូវបានជឿទុកចិត្តដោយអត្តពលិក និងក្រុមកីឡាកំពូលៗនៅទូទាំងពិភពលោក។ ផលិតផលទាំងនេះត្រូវបានអភិវឌ្ឍ ដោយអ្នកជំនាញផ្នែកអាហាររូបត្ថម្ភ និងសុខភាពលំដាប់ពិភពលោក ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ អាហាររូបត្ថម្ភចុងក្រោយបំផុត ដែលផ្តល់អាហាររូបត្ថម្ភមានតុល្យភាព សម្រាប់រាងកាយទាំងមូល។ Herbalife Nutrition នឹងផ្តល់ដល់កីឡាករសហព័ន្ធខ្មែរកីឡាហែលទឹក នូវអាហាររូបត្ថម្ភកីឡារបស់ខ្លួនដែលរួមមាន ផលិតផល Herbalife H24 Formula 1 Sport និង Herbalife H24 Rebuild Strength។
សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា Herbalife Nutrition បានឧបត្តមសហព័ន្ធខ្មែរកីឡារទឹកចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយក្នុងឆ្នាំនេះ ក្រុមហ៊ុន Herbalife បានបញ្ចូលផលិតផលថ្មី ក្នុងការឧបត្តមនេះគឺ Herbalife H24 Rebuild Strength ដែលមានសមត្ថភាពខ្ពស់ ក្នុងការជួយកសាង និងជួសជុលសាច់ដុំឡើងវិញ បន្ទាប់ពីការហាត់កីឡាភ្លាមៗ៕