(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ដ្រីអង្គភាពច្រកចេញចូលតែមួយ បើកយុទ្ធនាការចុះធ្វើសៀវភៅការងារ ជូនកម្មករ-កម្មការនីចំនួន២២៨នាក់ នៅរោងចក្រ «ឈាងលីខប» ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បានថ្លែងថា រូបលោកពិតជារីករាយ ក្នុងចិត្តយ៉ាងខ្លាំង ដែលបានឃើញមន្ត្រី នៃអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជួរក្រោយ នៃមន្ទីរការងារ បានរួមគ្នាប្រឹងប្រែង ទទួលខុសត្រូវ ពន្លឿនការផ្ដល់សៀវភៅការងារ ជូនកម្មរ-កម្មការីនី បន្ថយពីការធ្វើរាប់ខែ រាប់អាទិត្យ មកនៅត្រឹមពេល ក្រោមមួយអាទិត្យ និងសរសេរអក្សរ ដោយម៉ាស៊ីន Computer ថែមទៀតផង។
អភិបាលខេត្តកំពង់ចាម បានកោតសសើរចំពោះមន្ត្រីអង្គភាព ច្រកចេញចូលតែមួយ និងមន្ត្រីជួរក្រោយមន្ទីរការងារ ដែលបានចំណាយពេលវេលា ថ្ងៃសៅរ៍ (ថ្ងៃឈប់សម្រាក) ចុះមកធ្វើសៀវភៅការងារ ជូនកម្មករ-កម្មការនី ចំនួន២២៨នាក់ នៅរោងចក្រ «ឈាងលីខប» នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ។ សៀវភៅទាំងនេះ នឹងធ្វើឲ្យរួចរាល់នៅសប្តាហ៍ក្រោយ។
ជាមួយគ្នានោះ លោក គួច ចំរើន ក៏បានផ្តាំផ្ញើកម្មករ-កម្មការីនី មកទទួលសេវានេះ ព្រោះថា សៀវភៅការងារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះបងប្អូនកម្មករ-កម្មការនីរបស់យើង។
គូសបញ្ជាក់ថា យុទ្ធនាការចុះធ្វើសៀវភៅការងារ ជូនកម្មករ-កម្មការិនីនេះ បានធ្វើចំនួន៣លើកមកហើយ ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ រួមមាន៖
* លើកទី១៖ រោងចក្រ «វាឡុង» បានចំនួន១០៨២ក្បាល។
* លើកទី២ រោងចក្រ «ដាតាន់អ៊ិនដាសស្រៀល» ចំនួន៣០០ក្បាល
* លើកទី៣៖ រោងចក្រ «លីឈាងខប» ចំនួន២២៨ក្បាល សរុបចំនួន១៦១០ក្បាល នឹងបន្តសំរេចឲ្យនូវគោលដៅ ដែលបានកំណត់ចំនួន ៥,១៥៩ក្បាល ដោយឡែកចំនួនកម្មករ កម្មការិនី ដែលបានមកសៀវភៅការងារ នៅអង្គភាពច្រក សរុបបានចំនួន ៤៦៨នាក់៕