(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនសាមសុង បានរួមគ្នាម្តងទៀត ដើម្បីធ្វើការបរិច្ចាគឈាមនៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម (NBTC) ដើម្បីចូលរួមជួយដល់អ្នកដែលត្រូវការឈាមសង្គ្រោះជីវិត។
ការបរិច្ចាគឈាមរបស់ក្រុមហ៊ុនសាមសុង គឺជាផ្នែកមួយនៃកម្មវិធី Samsung Love and Care ដែលក្រុមហ៊ុនសាមសុង តែងតែផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ចំពោះប្រជាជនកម្ពុជាតាមរយៈសកម្មភាពសង្គមនានា។
ក្រុមហ៊ុនសាមសុង បង្កើតកម្មវិធីនេះឡើងដោយជឿជាក់ថា ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ថ្លៃថ្លាបំផុត ស្របតាមគោលការណ៍របស់ក្រុមហ៊ុនដែលតែងតែប្រកាន់ភ្ជាប់ ហើយគ្រប់ប្រទេស និងតំបន់ដែល ក្រុមហ៊ុនសាមសុងមានប្រតិបត្តិការ គឺតែងតែគិតគូរដល់ការរួមចំណែក ដើម្បីផ្ដល់ផលជាវិជ្ជមានដល់សង្គម។
លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងថា «ការផ្ដល់ឈាម ស្មើនឹងផ្ដល់ជីវិត»។ ដូច្នេះការផ្ដល់ឈាម គឺជាសកម្មភាពដ៏ប្រសើរបំផុត ដែលមិនអាចកាត់ថ្លៃបាន និងមិនអាចខ្វះបាន ពិសេសសម្រាប់បងប្អូនដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត។ តាងនាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនសាមសុង ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្ដល់ឈាមដទៃទៀត ដែលបានចូលរួមក្នុងសម្មភាពដ៏មានសារៈសំខាន់នេះ នៅថ្ងៃទី១៤ ខែកញ្ញានេះ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តចូលរួម ពីព្រោះការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពរបស់យើងទេ ប៉ុន្តែថែមទាំងអាចជួយសង្គ្រោះជីវិតអ្នកដទៃបានថែមទៀតផង» ។
លោក សឹងហ៊ូ ឆយ (Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានលើកឡើងផងដែរថា «ការផ្ដល់ផលជាវិជ្ជមាន ដល់ប្រជាជន និងសង្គម គឺជាតម្លៃស្នូលរបស់ក្រុមហ៊ុនសាមសុង ហើយការផ្ដល់ឈាម គឺជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពសង្គមដទៃទៀតជាច្រើន ដែលយើងតែងតែអនុវត្តជាប្រចាំ ដើម្បីរួមចំណែកណាមួយ ដែលយើងអាចធ្វើបាន ហើយនេះគឺជាលើកទី៣ សម្រាប់កម្មវិធីមនុស្សធម៌នេះផងដែរ»។
លោកបានបន្តទៀតថា «យើងរំពឹងថា ការបរិច្ចាគនេះ នឹងអាចជួយសង្គ្រោះជីវិតអ្នកដែលកំពុងតែត្រូវការយើងជួយសង្គ្រោះ ហើយយើងសូមលើកទឹកចិត្តឲ្យមានការចូលរួមបែបនេះឲ្យច្រើនថែមទៀត ដើម្បីបន្តចែករំលែកក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកឲ្យកាន់តែទូលំទូលាយ» ។លោកក៏សូមអំពាវនាវដល់សាធារណជន ឲ្យចូលរួមជួយគាំទ្រ ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឲ្យបានច្រើនដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលត្រូវការការឈាមជាចាំបាច់» ។
សូមជម្រាបថា នេះមិនមែនជាលើកទី១ ដែលក្រុមហ៊ុន សាមសុង បានចូលរួម បរិច្ឆាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីចូលរួមជួយដល់អ្នកដែលត្រូវការឈាម សង្គ្រោះជីវិត ៕