(ភ្នំពេញ)៖ ក្នុងពេលចុះទៅពិនិត្យដល់ទីកន្លែងចំណុចដែលរងគ្រោះ ដោយទឹកភ្លៀងលិចភូមិឋាន ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទឹកភ្លៀងបានបន្តធ្លាក់ មួយសប្តាហ៍មកហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំទៅអាជ្ញាធរ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធត្រូវចាត់វិធានការឲ្យបានលឿន ជាបណ្តោះអាសន្ន ចំពោះមុខក្នុងការបើកមុខទឹកឲ្យបានច្រើនកន្លែង ដើម្បីរំដោះចេញពីភូមិសាស្ត្រដែលរងគ្រោះក្នុងសហគមន៍អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
នៅរយៈពេល២ថ្ងៃមកនេះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានកាត់ផ្លូវបេតុង បើកមុខទឹកបណ្តោះអាសន្នចំនួន៣ទីតាំង ត្រង់ចំណុចដែលទឹកលិចខ្លាំង ក្នុងគោលបំណងនាំទឹកចេញក្រៅភូមិសាស្ត្រ កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។ លោកអភិបាលបានណែនាំបន្ថែម ដោយធ្វើយ៉ាងណាត្រូវបើកមុខទឹកឲ្យអស់ លទ្ធភាពដើម្បីឲ្យទឹកស្រកបានឆាប់។
នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ កំពុងជំរុញការកសាងប្រព័ន្ធលូខ្នាតធំ លើផ្លូវ២០១១ នៅមិនទាន់បានរួចរាល់ចៃដន្យ ក៏មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ប៉ុន្មានថ្ងៃនេះ រួមទាំងទឹកធ្លាក់ហូរចុះខេត្តកំពង់ស្ពឺផងនោះ ទើបបណ្តាលឲ្យលិចបែបនេះ។ តែទោះយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំដោះស្រាយបញ្ហានេះ មិនបណ្តែតបណ្តោយឡើយ ដើម្បីនាំទឹកចាក់ទៅស្ថានីយ៍បូមទឹកកប់ស្រូវ និងស្ថានីយ៍ទួលសំពៅ។
ជាក់ស្ដែង អាជ្ញាធរបានរៀបចំឲ្យមានទីទួលសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយមានគ្រួសារខ្លះស្នាក់នៅក្នុងវត្តឈូកវ៉ា និងមានគ្រួសារខ្លះទៀត
ស្នាក់នៅជាមួយបងប្អូនក្នុងភូមិក្បែរៗនោះ។
បើតាមការឲ្យដឹងពី ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយក្នុងក្របខណ្ឌពេញផ្ទៃប្រទេសពីមធ្យម ទៅច្រើននៅក្នុងសប្តាហ៏នេះ និងសប្តាហ៏ក្រោយទៀត ដែលស្ថានភាពបែបនេះ អាចនឹងបណ្តាលឲ្យជំនន់ទឹកភ្លៀងមានការកើនឡើងថែមទៀត។ តាមការពិនិត្យជាក់ស្តែង ពេលនេះស្ថានភាពលិច ដោយជំនន់ទឹកភ្លៀងកើតមានខ្លាំងនៅចំណុចមុខសាលាក្តីខ្មែរក្រហម, ភូមិសាស្ត្រសង្កាត់ត្រពាំងក្រសាំង និងសង្កាត់គោករកាផងដែរ។
បន្ទាប់ចែកអំណោយ លោកអភិបាលរាជធានីភ្នំពេញ ក៏បានចុះមើលស្ថានភាពទឹកលិច និងមើលការដ្ឋានលូតាមផ្លូវ២០១១ ដែលការដ្ឋាននេះ បានធ្វើរយៈពេលជិត៦ខែមកហើយ ដើម្បីរំដោះចេញពីតំបន់លិចលង់នោះ តែដោយសារប៉ុន្មានថ្ងៃនេះ ភ្លៀងធ្លាក់ជាប់ៗគ្នា ទើបបណ្តាលឲ្យទឹកច្រាលហូរចូលភូមិ៕