(កណ្ដាល)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកោះធំ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញធ្វើដំណើរ ដោយជិះកង់សួរសុខទុក្ខ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដោយចេញដំណើរពីទីស្នាក់ការគណបក្សឃុំកំពង់កុង ទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅចំណុចមុខវត្តកោះធំ ឃុំកោះធំ «ក» ស្រុកកោះធំ ខេត្តកណ្តាល ដោយមានអ្នកចូលរួមប្រមាណ៩៦៣នាក់។
ថ្លែងក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការប្តេជ្ញាដាក់ខ្លួនបម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត មិនឲ្យប្រជាពលរដ្ឋខកចិត្ត ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដើម្បីអភិវឌ្ឍស្រុកកោះធំឲ្យកាន់តែមានការរីកចម្រើនថែមទៀត ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្រោយពិធីជួបសំណេះសំណាលនេះ លោក ស៊ុន ចាន់ថុល បានអញ្ជើញបន្តដំណើរជិះកង់ទៅចូលរួមពិធីសំណេះសំណាល និងបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែ ប្រវែង៥០០ម៉ែត្រ ដើម្បីទុកជាចំណងដៃជូនប្រជាពលរដ្ឋ ស្ថិតក្នុងចំណុចវត្តកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ១,៥០០នាក់។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរ អំពីការចូលរួមរបស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅ នៅប្រទេសវៀតណាម និងការអបអរសាទរពីបណ្តាមេដឹកនាំនានា លើពិភពលោកចំពោះ ការផ្តល់សេចក្តីទុកចិត្តពីប្រជាជន មកលើសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រទេសជាតិកាន់តែមានការរីកចម្រើនថែមទៀត។
ជាទីបញ្ចប់ ទេសរដ្ឋមន្ត្រី បានអញ្ជើញចាក់បេតុងជានិមិត្តរូប នៃបើកការដ្ឋានសាង សង់ផ្លូវបេតុងមួយខ្សែបន្ថែមទៀត ប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងចំណុចវត្តកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល៕