(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំពិធីអបអរសាទរ ទិវាសម្អាតពិភពលោក១៥កញ្ញា ក្រោមអធិបតីភាពលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដែលមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្តកណ្តាល មន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង១,០០០នាក់។
ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ភិរុណ បានបញ្ជាក់ថា ទិវានេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងខេត្តកណ្តាល និងនៅទូទាំងកម្ពុជា និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរ នៃសំរាម ដែលកើនឡើងនៅលើភពផែនដីតម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហានេះឲ្យបានប្រសើរឡើង។
មួយវិញទៀត ពិធីនេះក៏ស្របទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
លោកអភិបាលខេត្តបន្ដទៀតថា បញ្ហាសំរាម សំណល់រឹង បើមិនបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ឲ្យបានល្អត្រឹមត្រូវនោះទេ វាប្រាកដជាបង្កផលប៉ះពាល់ មកដល់យើងវិញជាក់ជាមិនខាន ព្រោះបញ្ហាសំរាម ធ្វើឲ្យមានក្លិនស្អុយមេរោគបង្កជំងឺ ខ្ពើមរអើម ប៉ះពាល់ដល់យើងអ្នកជិតខាងយើង និងអ្នកដំណើរឆ្លងកាត់ បណ្តាលឲ្យខូចសុខភាព ធ្វើឲ្យបាត់បង់សោភ័ណភាព អាប់ឱនកិត្តិយសគ្រួសារមូលដ្ឋាន សង្គមជាតិ និងបាត់បង់ចំណូលពីវិស័យទេសចរណ៍ គ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាទម្លាប់មិនល្អនៅក្នុងសង្គម និងគ្រួសារ បង្កឲ្យមានការបំពុលដល់បរិស្ថាន ដូចជាបំពុលទឹក ដោយសារធ្លាក់ចូលក្នុងប្រភពទឹកនានា និងកកស្ទះប្រព័ន្ធលូ។
លោក ម៉ៅ ភិរុណ បន្ថែមថា ការចូលរួមរបស់មហាជនក្នុងការធ្វើអនាម័យ បរិស្ថាន ការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេសបរិស្ថាន បានល្អត្រឹមត្រូវ គឺជាការចូលរួមលើកស្ទួយកែលម្អគុណភាពបរិស្ថាន សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌលសេដ្ឋកិច្ច។ល។ ឲ្យស្រស់ស្អាតផូរផង់ និងបៃតងជានិច្ច រួមចំណែកលើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋឲ្យបានប្រសើរឡើង៕