(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ នាយកវិទ្យាស្ថាន អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត សរុបប្រមាណ ២៣០នាក់។
កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។ អង្គប្រជុំបានប្រកាសពីសមាសភាពថ្នាក់ដឹកនាំថ្មីរបស់ក្រសួងទេសចរណ៍ ការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំ របៀបរបបការងាររបស់ក្រសួងទេសចរណ៍ សម្រាប់អាណត្តិទី៦ និងការពិនិត្យឆ្លុះបញ្ចាំងទៅលើលទ្ធផលអនុវត្តការងារ រយៈពេល៩ខែ ឆ្នាំ២០១៨ អំពីបញ្ហាប្រឈមនានាដែលកើតមានឡើង និងការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅធ្វើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងនិរន្តរភាព ពិសេសគឺអនុវត្តឲ្យស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦។
សូចនាករទេសចរណ៍ដែលសម្រេចបាន នៅឆ្នាំ២០១៧ គឺបាននាំមកនូវចំណូលទេសចរណ៍ (អន្តរជាតិ) ប្រមាណ ៣,៦៣៨លានដុល្លារអាមេរិក កើនឡើង ១៣.៣%។ វិស័យទេសចរណ៍បានរួមចំណែកប្រមាណ ១២.៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) និងតំណាងឲ្យប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា។ មួយវិញទៀត វិស័យទេសចរណ៍បង្កើតការងារដោយផ្ទាល់ជាង ៦០ម៉ឺននាក់ និងការងារដោយប្រយោលរាប់ម៉ឺននាក់ទៀត។
ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាមានចំនួន ៣,៤៥៥,៧១៦នាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ក្នុងនោះពួកគេបានទៅទស្សនាតំបន់អាទិភាពនានារបស់កម្ពុជា រួមមាន៖
* សៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិ ១,៥៤២,៨៣៩នាក់ កើនឡើង ៩%។
* តំបន់ភ្នំពេញ ទទួលបានទេសចរអន្តរជាតិ ១,៩១២,៨៦៧នាក់ កើនឡើង ១៣%។
* តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិ ៥៨៩,៤១៣នាក់ កើនឡើង ៣៤.៥%។
* តំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ត ទទួលបានទេសចរអន្តរជាតិ ៤៧,៩៤១នាក់ កើនឡើង ១០.៦%។
រីឯទេសចរកម្ពុជាដែលចេញទៅក្រៅប្រទេស រយៈពេល៧ខែ ឆ្នាំ២០១៨នេះ មានចំនួន ១,១០៥,០០០នាក់ កើនឡើង ១០.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
លើសពីនេះ ក្រសួងទេសចរណ៍បានកំណត់នូវចក្ខុវិស័យមួយចំនួន រួមមាន៖
* ឆ្នាំ២០១៨ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់។
* ឆ្នាំ២០២០ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ៧លាននាក់ និងចំណូលទេសចរណ៍ប្រមាណ ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារ និងមុខរបរដោយផ្ទាល់ប្រមាណជិត ១លាននាក់។
* ឆ្នាំ២០២៥ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ១០លាននាក់។
* ឆ្នាំ២០៣០ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ១៤លាននាក់។
ចំណែកឯកម្មវិធីការងារជាអាទិភាពវិញ គឺត្រូវផ្តោតលើមុំចំនួន៤ រួមមាន៖
មុំទី១៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងភាពច្នៃប្រឌិត។
មុំទី២៖ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដាបៃតងសម្រាប់ផលិតផល និងសេវាទេសចរណ៍ «សេវាមួយ ស្តង់ដាមួយ» ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ តំបន់អាស៊ាន ការពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ» ពិសេសការបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្តង់ដាអាស៊ាន និងការគ្រប់គ្រងតាមប្រព័ន្ធ Online។
មុំទី៣៖ ការពង្រឹងការផ្សព្វផ្សាយទេសចរណ៍តាមគ្រប់មធ្យោបាយ។
មុំទី៤៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យទេសចរណ៍ (Smart Tourism)។
ចំពោះការត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗ រហូតដល់ចុងឆ្នាំ២០១៨ រួមមាន៖ ទិវាទេសចរណ៍ពិភពលោក (World Tourism Day-WTD) ដែលនឹងធ្វើឡើងនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨, ពិព័រណ៍ទេសចរណ៍កម្ពុជា (Cambodia Travel Mart-CTM) ដែលនឹងធ្វើឡើងនាថ្ងៃទី១១-១៣ ខែតុលា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ, ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងធ្វើឡើងនាថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨, ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នឹងធ្វើឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប, ពិធីបុណ្យសមុទ្រ នឹងធ្វើឡើងនាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង, ពិធីបុណ្យខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗទៀត៕