(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានចេញមកសម្តែងការសុំទោស ចំពោះកំហុសដោយអចេតនា ជុំវិញការប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុប កន្លងទៅ។
តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួន ក្រសួងអប់រំ បានចេញមុខឱនលំទោន និងថ្លែងសារសុំអភ័យទោស ដោយបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុំទោស និងសោកស្តាយ ចំពោះកំហុស ដោយអចេតនា»។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការសម្រេច «មោឃៈ» លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ដែលប្រកាសលទ្ធផលលើកទី១ កាលពីថ្ងៃទី០៩ ខែកញ្ញា ក្រោយក្រសួងទើបបានប្រកាសលទ្ធផលថ្មីរួច។
ក្រសួងបានបញ្ជាក់ថា មានតែបេក្ខជនចំនួន ៩៧៥នាក់ប៉ុណ្ណោះ ដែលបានប្រែប្រួលពីនិទ្ទេស F (ធ្លាក់) មកនិទ្ទេស E (ជាប់) វិញ។ ការលើកយកលំដាប់ពិន្ទុនៃការប្រកាសលើកទី១ និងលើកទី២ មកប្រៀបធៀបគ្នា ជាការប្រកាសមិនមានន័យទេ ដោយសារតាមបច្ចេកទេស លំដាប់ពិន្ទុ មិនមែនជា ពិន្ទុសរុប នោះទេ។
ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់រកឃើញកំហុសបច្ចេកទេសនេះ ធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុបប្រែប្រួល ដោយចំនួនអ្នកជាប់កើតឡើងដល់ ៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕