(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ឧបនាយករដ្ឋមន្ត្រី អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក និងមូលដ្ឋាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងលើកទិសដៅការងារអនុវត្តបន្ត ដែលមានអ្នកចូលរួម ជាង១១២៨នាក់ នៅមន្ទីរបក្សខេត្ត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្ស មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្ស សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានកិត្តិយសគណបក្ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តយកចិត្តទុកដាក់នូវវិធានការជាក់ស្ដែង ជាអាទិភាពទាំង៤ ដែលត្រូវអនុវត្តនៅឆ្នាំ២០១៩ ខាងមុខ រួមមាន៖
*ទី១៖ បន្ដបង្កើនប្រាក់ឈ្នូលកម្មករ និងរៀបចំបើកប្រាក់ឈ្នូលក្នុង រយៈពេល២សប្ដាហ៍ម្ដង
*ទី២៖ បន្ដបង្កើនប្រាក់បៀវត្សរ៍ និងប្រាក់សោធនិវត្តន៍ជូនមន្ដ្រីរាជការ ក្នុងរយៈពេល២សប្ដាហ៍ម្ដង តាមប្រព័ន្ធធនាគារ
*ទី៣៖ បញ្ចុះតម្លៃអគិ្គសនី
*ទី៤៖ ដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយគាំពារសង្គម។ ក្នុងនោះរាជរដ្ឋាភិបាលក៏នឹងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណជាបន្តទៀត។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងសាទរកោតសរសើអំណរគុណ និងដឹងគុណដល់សមាជិកសមាជិកាទាំងអស់ នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានឯកភាពគ្នា ដើរលើមាគ៌ាតែមួយរួមគ្នា ខិតខំបំពេញការងារទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ហើយសូមឲ្យបន្តខិតខំបន្ថែមទៀតក្នុងការអនុវត្តគោលយោបាយបក្សនិងរាជរដ្ឋាភិបាលធ្វើការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋដោយស្មោះត្រង់ដើម្បីបន្តការអភិវឌ្ឍន៍និងរីកចម្រើនមូលដ្ឋានយើង។
ជាការរឹតចំណងសាមគ្គីភាពជិតស្និទ្ធ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តល់ជូន៖
*ទី១៖ ជប់លៀងជូនថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តចំនួនជាង៥ពាន់នាក់
*ទី២៖ អ្នកគាំទ្រគណបក្សជាង១៨ម៉ឺននាក់ ផ្តល់ជូននូវភេសជ្ជៈ និងថវិកា សម្រាប់យកទៅជប់លៀងនៅគ្រប់ភូមិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ៕