(រតនគិរី)៖ អាជ្ញាធរខេត្តរតនគិរី អំពាវនាវប្រជាពលរដ្ឋ ពិសេសអ្នកដែលមានធនធានមិនត្រូវធ្វើការទិញលក់ កាន់ទន្ទ្រានយកដីព្រៃនៅតំបន់អភិរក្ស ធនធានធម្មជាតិ ដែលច្បាប់បានហាមឃាត់យកធ្វើជាកម្មសិទ្ធិឯកជនឡើយ។
ការអំពាវនាវបែបនេះ ធ្វើឡើងពីសំណាក់លោក លន់ សុភាព អភិបាលខេត្តស្ដីទី ថ្លែងក្នុងឱកាសប្រារព្ធទិវាបរិស្ថានពិភពលោក ដែលបានធ្វើឡើងនៅមុខបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
លោក លន់ សុភាព ក៏បានគូសបញ្ជាក់ថា មេឃុំ ចៅសង្កាត់ទាំងអស់ត្រូវបញ្ឈប់រាល់ការបញ្ជាក់នៅលើឯកសារផ្ទេរសិទ្ធិកាន់អចលនទ្រព្យ ដែលពុំទាន់ចុះបញ្ចី ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំងនិយាមកាច្បាស់លាស់ពីរដ្ឋបាលដែនដី។
ជាងនេះទៅទៀត លោកអំពាវនាវឲ្យពលរដ្ឋចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ដែលជាអង្គធាតុបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន។ លោកបន្តថាបញ្ហាសម្រាម គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នាចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ហាញពីភាពស៊ីវិល័យនៅក្នុងការរស់នៅជាពលរដ្ឋដ៏ល្អមួយក្នុងសង្គម។
តមកអង្គពិធីបានធ្វើការបែងចែកក្រុមការងារជាបួនផ្នែក ដោយមានការចូលរួមពីគ្រប់អង្គភាព ឯកជន-រដ្ឋ ធ្វើសកម្មភាពរើសសម្រាមនៅតាមដងផ្លូវទីប្រជុំជន ក្រុងបានលុង ដើម្បីជាការបំផុសស្មារតីប្រជាពលរដ្ឋឲ្យទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ និងមិនចោលសម្រាមពាសវាលពាសកាល៕