(ព្រះសីហនុ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ សូមជួយកៀរគរស្វែងរកថវិកាគាំទ្រ ដល់ការព្យាបាល អ្នកញៀនគ្រឿងញៀន នៅតាមមូលដ្ឋាន។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំស្តីពី ការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ក្នុងភាពជាដៃគូរ រវាងវិស័យសុខាភិបាល រដ្ឋអំណាចមូលដ្ឋាន និងមន្រ្តីអនុវត្តច្បាប់នៅខេត្តព្រះសីហនុ ដោយមានការគាំទ្រថវិកាពីអង្គការខាណា និងមានសមាជិក សមាជិកាចូលរួមចំនួន ៨៦នាក់។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ ដល់ក្រសួងសុខាភិបាល ក្នុងការកៀរគរប្រភពថវិកានិងបច្ចេកទេស ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាព និរន្តភាពនៃការងារព្យាបាល បង្ការ ថែទាំបន្តនៅសហគមន៌ និងកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន និងសមាហរណកម្មជន ដែលបានរងគ្រោះ ដោយសារគ្រឿងញៀនទៅក្នុងសហគមន៍ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ»។
លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បានឲ្យដឹងនៅក្នុងកិច្ចប្រជុំនេះទៀតថា ដើម្បីសម្រេចឱ្យបាននូវ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ត្រូវការទាមទារឱ្យមានការយកចិត្តទុកដាក់ និងការសម្របសម្រួល ប្រកបដោយប្រសិទ្ធភាព ពីសំណាក់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋអំណាចមូលដ្ឋាន មន្រ្តីអនុវត្តច្បាប់ សហគមន៌ បុគ្គលអ្នកញៀនគ្រឿងញៀន និងប្រជាពលរដ្ឋ។
លោកស្រីបានសង្កត់ធ្ងន់ៗថា គ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់គ្រឿងញៀន មានផលវិបាកដល់បញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរ និងបណ្តាលឲ្យមានការប៉ះពាល់ដល់ការអភិវឌ្ឍ និងសន្តិសុខសង្គម ដូច្នេះការចូលរួមពីសហគមន៍ ក្នុងការបញ្ជូនអ្នករងគ្រោះ ដោយសារធារញៀនមកទទួលសេវាពិនិត្យ និងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសព្យាបាល អាចធ្វើឱ្យពួកគាត់កាត់បន្ថយ និងឈានទៅបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាការប្រព្រឹត្តបទល្មើសផ្សេងៗទៀត។
ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៌ទោ ជ័យ បុប្ជា អគ្គលេខាធិការរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគាំទ្រ និងបន្តរុញច្រានសកម្មភាពរបស់គណៈកម្មការខាងលើ ហើយនឹងពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលសមត្ថភាព និងស្វែងរកថវិកា ដើម្បីគាំទ្រដល់ដំណើរការរបស់គណកម្មការនេះផងដែរ៕ឮ