(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋកម្ពុជារួម ជាមួយប្រជាពលរដ្ឋក្នុង១៥០ប្រទេសផ្សេងទៀត នៅជុំវិញពិភពលោកប្រារព្ធ «ទិវាសម្អាតពិភពលោក» ដើម្បីភាពប្រសើរឡើងនៃបរិស្ថាន។
បងប្អូនប្រជាពលរដ្ឋអាចលះបង់ពេលវេលារបស់ខ្លួនមួយព្រឹក ចូលរួមអបអរសាទរទិវា «សំអាតពិភពលោក» នេះ ដើម្បីជួយសំអាតសំរាម នៅតាមមូលដ្ឋាន ទាំងនៅលើដី និងក្នុងទឹកទាំងអស់ ជាមួយសហគមន៍អន្តរជាតិ ដែលប្រារព្ធពិធីអបអរសាទរ «ទិវាសំអាតពិភពលោក» ព្រមៗគ្នា។
នៅរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងអប់រំ និងកីឡា និងក្រសួងទេសចរណ៍ ព្រមទាំងអាជ្ញាធររាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ យុវជន អង្គការសង្គមស៊ីវិលនានារួមនិងប្រជាពលរដ្ឋ បានជួបជុំគ្នានៅមុខទីស្តីការក្រសួងបរិស្ថាន ចូលរួមការអបអរសាទរទិវាសម្អាតពិភពលោកជាផ្លូវការ និងបើកយុទ្ធនាការចុះសម្អាតបរិស្ថាន នៅរាជធានីភ្នំពេញ នៅតាមទីតាំងចំនួន១០ តាមផែនទីកំណត់ព្រមទាំងមានសម្ភារដូចជាស្បោង ដង្គៀបចាប់សំរាម និង ទឹកអាល់កុលលាងដៃ ដើម្បីធ្វើឲ្យបរិស្ថានរបស់ប្រទេសយើង កាន់តែប្រសើរឡើង។ មនុស្សជាច្រើនរយពាន់នាក់ ចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ទិវាសម្អាត ពិភពលោកនៅថ្ងៃនេះ ផ្តោតសំខាន់លើការកាត់ បន្ថយការបំពុលដោយបរិស្ថាន និងការប្រើប្រាស់ ថង់ប្លាស្ទិក។ កម្មវិធីនេះធ្វើឡើងដើម្បីបំផុស និងជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងគោលដៅធ្វើឱ្យពិភពលោកគ្មានសំរាម។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តទៀតថា កម្ពុជាបានប្រាព្ធទិវាសម្អាតពិភពលោកនេះ នៅទូទាំងប្រទេសកម្ពុជា ហើយខេត្តមួយចំនួន បានចាប់ផ្តើមធ្វើតាំងពីថ្ងៃទី១៤ ខែកញ្ញា មកម្ល៉េះ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមមួយចំនួន របស់ប្រជាជនលើគ្រប់វិស័យ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ ចូលរួមសម្អាតបរិស្ថាន គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីឱ្យក្លាយជាចលនាសង្គមមួយពោរពេញ ទៅដោយភាពស្អាតទាំងនៅ ក្នុងប្រទេសកម្ពុជានិងលើពិភពលោក។
សូមបញ្ជាក់ថា នៅលើពិភពលោក ការបោះចោលសំរាមចោលមានប្រមាណ៤ពាន់លានតោននៅលើផែនដី ក្នុងនោះមានសំណល់ប្លាស្ទិក ជាង ៨លានតោន ត្រូវបានចាក់ចូលទៅក្នុងសមុទ្រជារៀងរាល់ឆ្នាំផងដែរ។ ការគ្រប់គ្រងសំណល់រឹងរាវ សំរាម នៅកម្ពុជាត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបំពុលដោយប្លាស្ទិកជាក្តីកង្វល់មួយរបស់កម្ពុជា ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីទាំងអស់ជាពិសេស ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលដោយប្លាស្ទិកនេះ។
លោកបានថ្លែងថា កម្ពុជាមិនទាន់មានរបាយការណ៍បញ្ជាក់ថា ក្នុងមួយថ្ងៃ ប្រើប្រាស់ថង់ប្លាស្ទិកប៉ុន្មាននៅឡើយទេ ប៉ុន្តែក្រសួងបរិស្ថានបាន និងកំពុងរៀបចំប្រព័ន្ធប្រមូលទិន្នន័យមួយ ដើម្បីក្តាប់ឱ្យបានច្បាស់ពីការប្រើប្រាស់ថង់ប្លាស្ទិកនេះ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានលើកឡើងថា យោងតាមរបាយការណ៍សិក្សា នៅរាជធានីភ្នំពេញ ថង់ប្លាស្ទិកយ៉ាងហោចណាស់ជាង១០លានត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ។ ភាគរយនៃថង់ប្លាស្ទិកក្នុងបរិមាណសំរា មដែលប្រមូលបានតាមរយៈការបោះសម្អាតផ្លូវក្នុងទីក្រុងចំនួន៣ បើតាមការប៉ានស្មានគឺ ១៧,៣% ក្នុងទីក្រុងភ្នំពេញ ២០,៧% ក្នុងខេត្តសៀមរាប និង ៣៤%ក្នុងខេត្តព្រះសីហនុ។
នៅចំពោះមុខនៃការបំពុលដោយថង់ប្លាស្ទិកនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានស្នើឱ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយធ្វើការបែងចែកសំរាម ទៅតាមប្រភេទឱ្យបានត្រឹមត្រូវ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមគោលការណ៍ 3R គឺកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ការកែច្នៃឡើងវិញ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ការសម្អាតបរិស្ថានជុំវិញខ្លួនយើងជាភាពចាំបាច់។ ប្រសិនបើផ្ទះរបស់យើងស្អាត ភូមិរបស់យើងស្អាត ទីធ្លាសាធារណៈគ្មានសំរាម គ្មានថង់ប្លាស្ទិក នោះមានន័យថាយើងបានចូលរួមកសាងតម្លៃដល់ជាតិ លើកស្ទួយកិត្យានុភាព និងកិត្តិយសសម្រាប់ជាតិខ្មែរ និងដើម្បីសុខុមាលភាពរបស់យើងទាំងអស់គ្នាព្រោះបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា។នដូច្នេះយើងត្រូវរួមគ្នា ដើម្បីបរិស្ថាន៕