(ភ្នំពេញ)៖ នៅទីបំផុតនៅម៉ោង២៣៖៤៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ការស្ទង់មតិរបស់​វិទ្យុអាស៊ីសេរី ដែលមានរយៈពេល៧ថ្ងៃ ត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ ដោយលទ្ធផលបានបង្ហាញយ៉ាងច្បាស់ក្រឡែតថា ប្រជាពលរដ្ឋខ្មែររហូតទៅដល់៩១ភាគរយ បោះឆ្នោតគាំទ្ររាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានប្រជាពលរដ្ឋត្រឹមតែ៩ភាគរយប៉ុណ្ណោះដែលមិនគាំទ្រ។

ការស្ទង់មតិរបស់វិទ្យុអាស៊ីសេរី ដែលទទួលបានការឧបត្ថម្ភគាំទ្រពីសហរដ្ឋអាមេរិកនេះបានបញ្ចប់នៅវេលាម៉ោង២៣៖៤៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ មានអ្នកចូលរួមបោះឆ្នោត ចំនួនជាង៨ម៉ឺន៧ពាន់នាក់ (87.2K) ក្នុងនោះ​អ្នកដែលបានបោះឆ្នោតគាំទ្រ មានចំនួន 79K ទទួលស្គាល់ ស្មើនឹង៩១ភាគរយ និងអ្នកដែលមិនបានបោះឆ្នោតគាំទ្រ មានត្រឹមតែ 8K ស្មើនឹង៩ភាគរយប៉ុណ្ណោះ។

តាមរយៈការស្ទង់មតិ៧ថ្ងៃ​នេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានគាំទ្រដល់រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។

លទ្ធផលនៃការស្ទង់មតិនេះ ​ក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលពលរដ្ឋប្រមាណជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវនាវរបស់ក្រុមប្រឆាំង។ ក្នុងនោះក៏ពលរដ្ឋភាគច្រើនលើសលប់ផងដែរ ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន​ សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់ របស់គណបក្សប្រជាជនកម្ពុជា បន្តតំណែងនាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ៕