(កំពង់ចាម)៖ លោកឧត្តមសេនីយទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិ មន្រ្តីនគរបាលជាតិចំនួន៤៥រូប នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកិច្ចប្រជុំត្រួតពិនិត្យការងារ៩ខែ និងពង្រឹងជំនាញការងារក្នុងផែនការងារសន្តិសុខ។
ពិធីខាងលើនេះ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង អនុប្រធានផែនជំនាញ នាយការិយាល័យ ចំណុះស្នងការដ្ឋាន អធិការស្រុក-ក្រុងទាំង១០ អធិការរងទទួលការងារផែន នាយ-នាយរងផ្នែក រហូតដល់មន្ត្រី នៃផែនការងារសន្តិសុខ សរុបចំនួន២៥៩នាក់។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យមន្ដ្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តជំនាញរបស់ខ្លួន ពិសេសការិយាល័យសន្តិសុខឯកជនយល់ច្បាស់ពីតួនាទីភាកិច្ចរបស់ខ្លួន។ បន្ថែមពីនេះ ការងារសន្តិសុខ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការកសាងភ្នាក់ងារ ផ្ដល់ព័ត៌មាន និងភ្នាក់ងារមូលដ្ឋានសម្ងាត់ផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានណែនាំដល់កម្លាំងទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារ យកចិត្តទុកដាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ហើយត្រូវតែក្ដោបក្ដាប់សភាពការណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ហើយប្រសិនមានសភាពការណ៍ ឬចលនាញុះញង់ណាមួយកើតឡើង ត្រូវតែរាយការណ៍ជូនថ្នាក់លើជាបន្ទាន់ផងដែរ ដើម្បីមានវិធានការណ៍៕