(ភ្នំពេញ)៖ បន្ទាប់ពីលោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ទទួលមរណភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក, មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា ក៏បានរៀបចំពិធីបុណ្យគោរពវិញ្ញាណក្ខន្ធសពលោក នៅមន្ទីរពេទ្យផ្ទាល់តែម្ដង ហើយមកដល់ថ្ងៃទី១៤ ខែកញ្ញានេះ ត្រូវនឹងខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផា បានប្រារព្ធពិធីបទមសនស្សការព្រះរតនៈត្រ័យ សមាទានសីល និងនិមន្ដព្រសង្ឃចម្រើនព្រះបរត្ដិ និងព្រះធម្មទេសនា ។
លុះព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ មន្ទីរពេ្យគន្ធបុប្ផា នឹងនិមន្ដព្រះសង្ឃរាប់បាត ព្រះសង្ឃចំនួន៧២អង្គ ដើម្បីបង្សុកូល និងវេរភតា្ដហារប្រគេនព្រះសង្ឃ រួចដារឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសល ជូនលោក វេជ្ជបណ្ឌិត Beat Richner ទៅកាន់ភាពស្ងប់សុខ ។នេះបើតាមការបញ្ជាក់ របស់អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា លោក ហេង សុទ្ធី ។
លោក ហេង សុទ្ធី បានបន្ដទៀតថា «ក្នុងរយៈពេលដែលមន្ទីរពេទ្យ បានរៀបចំគោរពវិញ្ញាណក្ខន្ធ ជូនដល់សពលោក Beat Richner ឃើញថា មន្ដ្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាមក្រសួងស្ថាប័នរដ្ឋ-ឯកជន និងប្រជាជនកម្ពុជាយើងទូទៅដ៏ច្រើនកុះករ បានមកចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោក ។ហើយបើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល៦ថ្ងៃ នៃថ្ងៃបុណ្យ ដែលយើងបានប្រារព្ធពិធីបុណ្យ ខួប៧ថ្ងៃ និង១០០ថ្ងៃ ជូនលោកវេជ្ជបណ្ឌិត Beat Richner។ ចាប់ពីម៉ោង៦កន្លះព្រឹកស្អែកនេះ យើងនឹងធ្វើពិធីសាសនាដារពិសា្ដរ សម្រាប់ឧទ្ទិសកុសលជូនលោក ហើយនៅម៉ោង៨ព្រឹក យើងនិមន្ដព្រះសង្ឃ៧២អង្គ រាប់បាត។ដូច្នេះបងប្អូនសាធារណជន លោកអាចអញ្ជើញចូលរួម តាមកម្លាំងសទ្ធា និងឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធដល់លោកសាស្ដ្រាចារ្យបាន, ដែលយើងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ក្នុងបរិវេនមន្ទីរពេទ្យ» ។
លោកបញ្ជាក់បន្ថែមថា ដោយឃើញថាប្រជាពលរដ្ឋយើងចូលរួមយ៉ាងច្រើនយ៉ាងច្រើនកុះករបន្ដចូលរួមគោរពវិញ្ញាក្ខន្ធសព លោកវេជ្ជបណ្ឌិត Beat Richner រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការរៀបចំបុណ្យ និងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានសម្រេចពន្យាពេលការគោរពវិញ្ញាណក្ខន្ធលោកនៅមន្ទីរពេទ្យគន្ធបុប្ផា រហូតដល់១០០ថ្ងៃ ដោយសម្រួលដល់បងប្អូនប្រជាពលរដ្ឋយើង ដែលលោកចង់មកចូលរួមរំលែកទុក្ខ អុជធូបគោរពវិញ្ញាណក្ខន្ធសពលាលោកជាលើកចុងក្រោយ ។
បើទោះបីជាលោក Beat Richner បានទទួលមរណភាពលាកចាកពីភពផែនដីដ៏ស្រស់បំព្រង ចាកឆ្ងាយពីកុមារជាទីកម្សត់របស់កម្ពុជាទៅហើយក្តី តែកិត្តិនាម និងកេរ្តិ៍ឈ្មោះនៃទង្វើល្អរបស់លោក ដែលបានពលីកម្មសម្រាប់កុមារកម្ពុជាបន្តក្រអូបសាយសុសពាសពេញផ្ទៃប្រទេស។
លោកវេជ្ជបណ្ឌិត Beat Richner បានកើតធំធាត់ និងរៀនសូត្រនៅក្នុងប្រទេសស្វីសរបស់លោក តែស្ទើរពាក់កណ្តាលជីវិតចុងក្រោយ លោកបានប្រើប្រាស់ចំណេះជំនាញរបស់លោកជាប្រយោជន៍សម្រាប់កុមារ និងមាតានៅកម្ពុជាទៅវិញ។ លោក Richner បានមកប្រ ទេសកម្ពុជាដំបូងក្នុងនាមជាអង្គការមនុស្សធម៌កាកបាទក្រហមស្វីសនាអំឡុងឆ្នាំ១៩៧៤ ពេលដែលកម្ពុជាកំពុងធ្លាក់ក្នុងភ្លើងសង្គ្រាម។ លោកវេជ្ជបណ្ឌិត បានបង្ខំចិត្តចាកចេញពីកម្ពុជាវិញក្នុងឆ្នាំ១៩៧៥ ពេលដែលរាជធានីភ្នំពេញត្រូវបានកាន់កាប់ដោយរបប ប៉ុល ពត។
ក្រោយពេលវិបត្តិភ្លើងសង្គ្រាមនៅកម្ពុជាត្រូវបានបិទបញ្ចប់តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១នោះ លោកវេជ្ជបណ្ឌិត Beat Richner បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមសំណើព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីរៀបចំមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ។ នៅឆ្នាំ១៩៩២ លោកវេជ្ជបណ្ឌិត បានបង្កើតមូលនិធិគន្ធបុប្ផា ហើយក៏បានចាប់ផ្តើមបើកទ្វារមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញផងដែរ។ ចាប់តាំងពីពេលមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ លោកវេជ្ជបណ្ឌិត Richner បានប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការធានាបាននូវដំណើរការរបស់មន្ទីរពេទ្យដោយឈរលើគោលការណ៍ចំនួន៣៖ មើលជំងឺដោយមិនបង់ប្រាក់ មើលជំងឺប្រកបដោយគុណភាព និងមិនពុករលួយ។
អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាលោក ហេង សុទ្ធី បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត បានកសាងមន្ទីរពេទ្យពីចំនួន៥០-៦០គ្រែ ឡើងរហូតដល់គ្រែមានចំនួនជាងពីរពាន់គ្រែ និងមានបុគ្គលិកជាង ២,៥០០នាក់ ហើយទទួលជំងឺដេកពេទ្យរហូតដល់បច្ចុប្បន្ននេះ មានប្រហែល ២,៤០០នាក់ក្នុងមួយថ្ងៃ និងទទួលមើលជំងឺដែលមកបើកថ្នាំហើយយកទៅវិញប្រហែលជា ៣ពាន់ ទៅ៣ពាន់៥រយនាក់ក្នុងមួយថ្ងៃ។ ដើម្បីជួយសង្គ្រោះកុមារកម្ពុជាលោកវេជ្ជបណ្ឌិត ដែលបានប្រើពេលស្ទើរពាក់កណ្តាលជីវិតចុងក្រោយនៅកម្ពុជា បើទោះបីមិនមានឈាមជ័រជាខ្មែរក៏ដោយនោះ បានប្រឹប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រឹងប្រែងដោយមិនគិតពេលវេលាយប់ថ្ងៃ ឬថ្ងៃឈប់សម្រាកនោះឡើយ។
ពេលវេលារបស់លោកមានតែនៅក្នុងមន្ទីរពេទ្យ បើយើងនិយាយពីជីវិតឯកជនរបស់គាត់វិញ គាត់បានលះបង់សម្រាប់មន្ទីរពេទ្យ គាត់ធ្វើការគ្មានថ្ងៃសៅរ៍ គ្មានថ្ងៃអាទិត្យ គ្មានពេលវ៉ាកង សូម្បីតែសុខភាពគាត់ ក៏គាត់មិនដែលមើលផង។ ជីវិតរបស់គាត់លះបង់សម្រាប់កុមារកម្ពុជា ពេលវេលាសម្រាករបស់គាត់ គឺមានតែពេលវេលាធ្វើដំណើរពីភ្នំពេញទៅសៀមរាប ឬពីសៀមរាប មកភ្នំពេញ ឬក៏មួយឆ្នាំ លោកមានពេលទៅស្រុកគាត់ តែមួយអាទិត្យពីរដង មិនមែនទៅលេង ឬទៅសម្រាកលំហែកាយទេ គឺលោកទៅប្រគំតន្រ្តី លេងវីយូឡុងរៃអង្គាសលុយមកជួយគន្ធបុប្ផា ។
មិនត្រឹមតែប្រឹងប្រែងរកលុយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យ ជួយសង្គ្រោះជីវិតកុមារកម្ពុជានោះទេ ក្នុងពេលបម្រើការងារនៅក្នុងមន្ទីរពេទ្យនេះ លោកវេជ្ជបណ្ឌិត Beat Richner បានផ្តល់ដំបូន្មាន និងសាបព្រោះក្រមសីលធម៌ និងស្មារតីវិជ្ជាជីវៈជាគ្រូពេទ្យល្អ ដល់ក្រុមគ្រូពេទ្យបម្រើការងារនៅក្នុងមន្ទីរពេទ្យនេះថែមទៀតផង។ ដំបូន្មាន និងការអប់រំរបស់លោកវេជ្ជបណ្ឌិត Beat Richner ក្លាយទៅជាអនុស្សាវរីយ៍ និងការចងចាំមិនអាចបំភ្លេចបាន សម្រាប់ក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
ក្រោយពីលោកបានធ្វើពលីកម្មដើម្បីបុព្វហេតុកុមារ និងមាតានៅកម្ពុជាអស់រយៈពេលប្រមាណ ២៥ឆ្នាំ លោកវេជ្ជបណ្ឌិត បានចាកចេញពីប្រទេសកម្ពុជាទាំងចិត្តមិនចង់ កាលពីខែមីនា ឆ្នាំ២០១៧។ បើទោះបីលោកបានខិតខំកៀរគររកថវិការរាប់រយលានមកព្យាបាលកុមារកម្ពុជា តែការចាកចេញពីកម្ពុជាមិនមាននាំអ្វីទៅជាមួយទាំងអស់ គឺមានតែកាបូបខ្មៅមួយ ដែលលោកនាំមកជាមួយ ពេលលោកធ្វើដំណើរមកប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩១ប៉ុណ្ណោះ។
ការឃ្លាតឆ្ងាយពីភពផែនដីរបស់លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរសោកសង្រេងនឹកស្រណោះជាខ្លាំង ដល់ការធ្វើពលីកម្មឥតព្រំដែនរបស់លោកមកលើកុមារ និងមាតាកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផា បានរៀបចំកន្លែងឲ្យប្រជាពលរដ្ឋខ្មែរបានអុជធូបគោរពវិញ្ញាណក្ខន្ធរបស់លោក ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់លោកចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា មកម្ល៉េះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនរូប រាប់ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល រហូតដល់ប្រជាពលរដ្ឋសាមញ្ញ បានចូលរួមអុជធូបសម្តែងសមានទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់រូបលោក។
សម្រាប់នៅព្រឹកស្អែកនេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នឹងធ្វើព្រះរាជដំណើរ នាំយកកម្រងផ្កា និងគ្រឿងឥស្សរយស ប្រទានដោយព្រះករុណា ជូនសពលោកវេជ្ជបណ្ឌិត Beat Richner ផងដែរ ៕