(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាធានីភ្នំពេញ ណែនាំដល់រដ្ឋបាលខណ្ឌទាំង១២ ត្រូវយកចិត្តទុកដាក់ ក៏ដូចជាការពង្រឹងដល់ភ្នាក់ងារ ប្រមូលសំរាមនៅតាមសង្កាត់ ដែលជាមន្ត្រីជាប់កិច្ចសន្យា និងរដ្ឋបាលភ្នំពេញបានជ្រើសរើស ដើម្បីលើកកម្ពស់បរិស្ថាន និងធ្វើយ៉ាងណាពង្រឹង យន្តការដែលមានស្រាប់ស្របដែលមានក្រុមហ៊ុន ស៊ីនទ្រី ជាអ្នកប្រមូលស្រាប់ និងធ្វើយ៉ាងណាសហការឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាសំរាម ជាមួយអភិបាលខណ្ឌទាំង១២ និងមន្ទីរពាក់ព័ន្ធនានា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអភិបាលខណ្ឌទាំងអស់ និងមន្ត្រីមន្ទីរពាក់ព័ន្ធនានា ធ្វើការផាកពិន័យទៅលើកបុគ្គដែលចោលសំរាម តាមទីសាធារណៈ រំលោភលើច្បាប់អន្តរក្រសួងស្ថាប័ន បានចែងកន្លងមក។

អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា ចង់ឱ្យរាជធានីភ្នំពេញ មានកំណើនអ្នកទេសចរណ៍ ទៅបានដាច់ខាតត្រូវតែមានបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវគ្នាធ្វើ ដើម្បីឱ្យរាជធានីភ្នំពេញ ក្លាយជាគោលដៅអ្នកទេសចរណ៍ ដែលធ្វើឱ្យគេចង់មកកាន់រាជធានីភ្នំពេញរបស់យើង។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្រាប់អ្នកចាក់សំរាមចោលគ្មានប្រក្រតី នៅតាមផ្លូវសាធារណៈដូចជា ការចាក់សំរាប់ចោលចូលទៅលើលូ និងចាក់សំរាមចោលនៅលើផ្លូវសាធារណៈ ត្រូវអនុវត្តផាកពិន័យទៅតាមច្បាប់អន្តរក្រសួងដែរបានចែង រួចហើយ។

នៅក្នុងកិច្ចប្រជុំនេះផងដែរលោកឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាទីលានចាក់សំរាម នៅរាជធានីភ្នំពេញ ដែលនិងត្រូវធ្វើការរៀបចំពង្រីកបន្ថែម ដើម្បីឆ្លើយតបទៅនិងតម្រូវការ នៃការកើនឡើងនៃសំរាម។ បើយើងមិនពង្រឹកទីលានចាក់សំរាមទេនោះ នៅប៉ុន្មានឆ្នាំខាងមុនរាជធានីភ្នំពេញ និងខ្វះខាតកន្លែងចាក់សំរាមជាក់ជាមិនខាន។ ជាមួយនិងការពង្រឹកកន្លែងចាក់សំរាម ជាបន្តបន្ទាប់ ក៏ពិតមែន ប៉ុន្តែតាមរបាយការរបស់ក្រុមហ៊ុន ស៊ីនទ្រី បានបញ្ជាក់ថា ការប្រមូលចំណូលពីការបង់ថ្លៃសេវាដឹកជញ្ជូនសំរាមមានការធ្លាក់ចុះ បើទោះបីមានការពង្រីកដែនដីកាន់តែធំ។

ក្រៅពីបញ្ហាសំរាមក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តការពង្រឹងលើផ្នែកសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់លើផ្លូវចំនួន១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការកន្លងមក។
 
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យថ្មី មួយ ស្ដីពី «ការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន» ដែលកំណត់ឱ្យមានការផាកពិន័យជាប្រាក់ចាប់ពី ១ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល និងប្ដឹងដល់តុលាការ ចំពោះជនណាដែលចោល សំរាមមិនបានត្រឹមត្រូវ៕