(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការសម្រេច «មោឃៈ» លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ដែលប្រកាសលទ្ធផលលើកទី១ កាលពីថ្ងៃទី០៩ ខែកញ្ញា ក្រោយក្រសួងទើបបានប្រកាសលទ្ធផលថ្មីរួច។
ក្រសួងអប់រំបញ្ជាក់ថា «លទ្ធផលប្រឡងសម្រាប់ ថ្នាក់វិទ្យាសាស្ត្រ ដែលក្រសួងបានប្រកាស ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានចាត់ទុកជា មោឃៈ រួមទាំង៖ និទ្ទេសតាមមុខវិជ្ជា និទ្ទេសសរុប និងលំដាប់ពិន្ទុ»។
ក្រសួងបញ្ជាក់ថា មានតែបេក្ខជនចំនួន ៩៧៥នាក់ប៉ុណ្ណោះ ដែលបានប្រែប្រួលពីនិទ្ទេស F (ធ្លាក់) មកនិទ្ទេស E (ជាប់) វិញ។ ការលើកយកលំដាប់ពិន្ទុនៃការប្រកាសលើកទី១ និងលើកទី២ មកប្រៀបធៀបគ្នា ជាការប្រកាសមិនមានន័យទេ ដោយសារតាមបច្ចេកទេស លំដាប់ពិន្ទុ មិនមែនជាង ពិន្ទុសរុប នោះទេ៕
សូមអានសេចក្តីប្រកាសរបស់ក្រសួងទាំងស្រុង៖