(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងការពារព្រៃនៅតំបន់ក្បាលឆាយ ឲ្យបានល្អទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ ព្រោះព្រៃនៅតំបន់ក្បាលឆាយនេះ គឺជាប្រភពទឹកសាបដ៏សំខាន់បំផុតមិនអាចខ្វះបានឡើយ។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដាំកូនឈើឡើងវិញ នៅតំបន់ក្បាលឆាយ ចំណុចអូរអារេវ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ បន្ទាប់ពីទីនេះត្រូវបានជនខិលខូចខ្លះបានលួបកាប់ឆ្ការ ដើម្បីយកដីកាន់កាប់ដោយខុសច្បាប់។
ថ្លែងក្នុងពិធីដាំកូនឈើឡើងវិញនាពេលនេះដែរ លោក យន្ត មីន ព្រមានជាថ្មីទៀតថា អ្នកណាក៏ដោយដែលជាប់ពាក់ព័ន្ធ ក្នុងអំពើបំផ្លាញព្រៃនៅតំបន់ក្បាលឆាយ នឹងចាត់ការតាមច្បាប់ដោយគ្មានការយោគយល់ទៀតឡើយ ធ្វើយ៉ាងណាត្រូវតែការពាព្រៃនេះឲ្យបានដាច់ខាត ដើម្បីរក្សាប្រភពទឹកសាបទុកប្រើប្រាស់ នៅទូទាំងខេត្តព្រះសីហនុ។
លោកបន្ថែមថា ទីតាំងដែលស្ថិកនៅក្នុងតំបន់ហាមឃាត់ស្របតាមស្មារតី នៃអនុក្រឹត្យលេខ១១៦ របស់រាជរដ្ឋាភិបាល ដែលត្រូវជនខិលខូចមួយចំនួន លួចកាប់ឆ្ការរានព្រៃយកដីកាន់កាន់កាប់នោះ រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការស្តារឡើងវិញ ដោយសហការជាមួយជំនាញកសិកម្ម ដាំកូនឈើឡើងវិញទាំងអស់។
យោងតាមលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បានបញ្ជាក់ថា កូនឈើដែលបានយកមកដាំនាពេលនេះ មានចំនួន៥,៥០០ដើម ជាប្រភេទឈើគរគីរ និងកូនក្រញូង ទីធ្លាដែកត្រូវដាំពេលនេះមានទំហំ៥ហិចតា។ តាមគម្រោងរបស់អភិបាលខេត្តព្រះសីហនុ គ្រោងដាំជាច្រើនកន្លែងទៀត ក្នុងតំបន់ក្បាលឆាយនេះ។
សូមបញ្ជាក់ថា តំបន់ក្បាលឆាយនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ១១៦ ដាក់ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង និងតម្រូវឲ្យការការពារព្រៃនេះ ឲ្យបានសម្រាប់រក្សាប្រភពទឹកសាបទុកប្រើប្រាស់នៅខេត្តព្រះសីហនុទាំងមូល។
ទន្ទឹមនេះដែរក្នុងអាណត្តិ លោក យន្ត មីន ជាអភិបាលខេត្ត ដោយមើលឃើញការលំបាកចាំបាច់របស់ប្រជាជនរស់នៅ ជាក់ស្តែងក្នុងតំបន់ក្បាលឆាយ រដ្ឋាភិបាល ក៏បានសម្រេចកាត់ឆ្វៀលដីមួយផ្នែកតូច ដើម្បីឲ្យរដ្ឋបាលខេត្តព្រះសីហនុ បែងចែកជូនពលរដ្ឋជាចំណែកគោលនយោបាយ៥ម៉ែត្រ គុណ២០ម៉ែត្រ។ តែទោះជាបែបនេះក្តី ក៏សង្គេតឃើញថានៅមានបុគ្គលខ្លះ នៅតែបន្តលបលួចកាប់ឆ្ការដុតរានព្រៃយកដីកាន់កាប់ជាបន្តបន្ទាប់ តាមការអូសទាញពីមេខ្យល់មួយចំនួន៕