Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បញ្ជាដល់មន្ទីររាជធានី-ខេត្ត ត្រូវការពារដីសម្បទានសង្គមកិច្ចឲ្យបាន បើមានអ្នករំលោភយក កុំចុះបញ្ជីឲ្យដាច់ខាត

14-09-2018 18:11

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាដល់មន្ទីរដែនដីរាជធានី-ខេត្ត ត្រូវការពារដីសម្បទានសង្គមកិច្ចឲ្យបាន។ លោកបន្តថា ប្រសិនបើមានអ្នករំលោភយក មិនត្រូវចុះបញ្ជីឲ្យជាដាច់ខាត។

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានដាក់បញ្ជាបែបនេះ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក​អញ្ជើញបិទវគ្គ បណ្តុះបណ្តាលបច្ចេកទេសវាស់វែង ដោយឧបករណ៍ទំនើប នៅទីស្តីការក្រសួង។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «អំពីគោលដៅនៃការរៀបចំលំនៅស្ថាន ដែលមានតម្លៃសមរម្យ នេះជាគោលដៅចម្បងរបស់ក្រសួង របស់យើងទាំងអស់គ្នា មន្ទីររាជធានី និងខេត្ត។ ខេត្តយើងមានដីសម្បទានសង្គមកិច្ច... សូមគ្រប់គ្រងដីដែលជាគោលដៅ សម្រាប់សង្គមកិច្ចនេះឲ្យបាន កុំឲ្យមានការរំលោភបំពាន ហើយបើគេរំលោភ និងចូលកាន់កាប់ កុំចុះបញ្ជីឲ្យដាច់ខាត»

លោកបន្តថា «ប្រសិនបើយើងបណ្តោយគេចាប់រំលោភយកអស់ដីធ្លីនេះ ហើយយើងនៅសល់ដៃទរទេ ឯដីគេយកបាត់។ នេះជាគោលដៅ ដែលយើងចង់ធ្វើ អញ្ចឹងតាមខេត្ត ដែលយើងមានដីសម្រាប់មុខសញ្ញាសង្គមកិច្ចនេះ សូមឲ្យចាប់អារម្មណ៍»។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ចំពោះដីដែលមានសភាពលក្ខណៈគ្រប់គ្រាន់ ដែលបានគ្រប់គ្រងជំហានដំបូង រៀបចំរួចរាល់ហើយនោះ លោកសូមស្នើឲ្យមានការពិនិត្យ និងអាចពិភាក្សាលើកយោបល់ ជាមួយនឹងថ្នាក់ខេត្ត។ លោកបន្តថា ប្រសិនបើទីកន្លែងនោះ អាចធ្វើការសាងសង់ផ្ទះបានហើយ សូមចាប់ផ្តើមធ្វើតែម្តង៕